
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាប្រជាពលរដ្ឋធម្មតា បានលាក់ទុកអាវុធខុសច្បាប់ ខណៈដែលជនរូបនេះផឹកស្រវឹង ព្រមទាំងបានបាញ់អស់ជាង ២០ គ្រាប់ ហើយបានរត់ចូលព្រៃបាត់ស្រមោល ដោយសមត្ថកិច្ចទាំង៣អង្គភាពកំពុងតាមរក។
ហេតុការណ៍ដែលទទួលបានព័ត៌មានបឋម ៖ គឺបានកើតឡើងនៅវេលាម៉ោង ប្រមាណ ជាង ៨ យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅនឹងផ្ទះជនបង្កផ្ទាល់តែម្តង ដែលស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
បើតាមសម្តីរបស់ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះ សុខ គង់ ភេទប្រុស អាយុ៥៤ឆ្នាំ បានផឹកស៊ីឡើងស្រវឹង ហើយទំនងជាមានការទាស់សម្តីជាមួយកូនប្រសារ បន្តិចបន្ទួច ស្រាប់តែមួយសន្ទុះក៏ឮស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ ដែលទំនងជាបាញ់ឡើងលើ បណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង ព្រោះមិនដឹងថា បុគ្គលរូបនេះ មានលាក់ទុកអាវុធតាំងពីពេលណាមក រួចហើយគេក៏លឺកាំភ្លើងរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះត្រួតពិនិត្យដោយសង្កេតឃើញថា ជនសង្ស័យបានប្រើប្រាស់អាវុធធុន AK-47 ដោយកម្លាំងបានរកឃើញសំបកគ្រាប់ដែលបាញ់រួចមានចំនួន ២១ គ្រាប់ ។ បច្ចុប្បន្នទាំងកម្លាំងអធិការ កម្លាំងយោធា ក៏ដូចជាកម្លាំងអាវុធហត្ថ កំពុងតាមស្វែងរកមុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕