
ភ្នំពេញៈ បុរសវ័យ៨២ឆ្នាំម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែឈប់ម៉ូតូ កណ្ដាលផ្លូវ រួចក៏ដួលទៅ លើថ្នល់ បាត់មាត់ បាត់ក ភ្លាមនោះ ក៏មានប្រជាពលរដ្ឋ និងសន្តិសុខយាម នៅក្បែរនោះ ជួយដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលលោកគ្រូពេទ្យ បញ្ជាក់ថា គាត់បានស្លាប់ បាត់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤និង១៥នាទី រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ច បានឱ្យដឹងថាៈ សពបុរស ខាងលេី ឈ្មោះ ត្រាំង គឹក អាយុ៨២ឆ្នាំ មានទីលំនៅម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
តាមប្រភពនៅកន្លែង បានឱ្យដឹងថាៈ មុនកើតហេតុ គេឃើញបុរសម្នាក់ ខាងលើ ជិះម៉ូតូហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0832 ម្នាក់ឯង ទិសដៅពីខាងត្បូង ទៅខាងជើង តាមបណ្ដោយផ្លូវ ៤៧ ពេលមកដល់ចំណុចកើតហេតុ គាត់ក៏ឈប់ម៉ូតូកណ្ដាលផ្លូវ រួចដួលតែម្ដង។ ភ្លាមៗនោះ អ្នកធ្វើដំណើរ និងសន្តិសុខ ឃើញសភាពស្លេកស្លាំង ក៏បានជួយដឹកជនរងគ្រោះ ទៅមន្ទីពេទ្យភ្លាមៗ តែជាអកុសល លោកគ្រូពេទ្យ បញ្ជាក់ថា គាត់បានស្លាប់បាត់ទៅហេីយ រួចក៏ដឹកមកកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានមកដល់ ដើម្បីពិនិត្យ និង ធ្វើកោសល្យវិច័យ រួចបានប្រាប់ថា សពស្លាប់ដោយជំងឺបេះដូង ហេីយប្រគល់សព ជូនក្រុមគ្រួសារ៕