
បុរសជាជនជាតិចិនម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ជាច្រើនគ្រាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងបណ្ដាលឲ្យស្លាប់និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច។
ករណីឃាតកម្មនេះលើបុរសជាជនជាតិចិននេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីBlue Sky ក្នុងភូមិ៥ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស អាយុ២១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED៣៦០៣២០០ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានឃាតកបាញ់សម្លាប់ដោយមានស្នាមគ្រាប់កាំភ្លើងចូលលើឆ្អឹងក្បាលជង្គង់គ្រាប់បៀមគ្រាប់១កន្លែង ស្នាមជើងខាងស្តាំ១កន្លែង បាញ់ត្រង់គន្លាក់ជង្គង់ធ្លាយភ្លៅទៅផ្នែកខាងក្រោយ និងបាញ់ចំចំហៀងក្បាលជង្គង់ខាងក្នុង ធ្លាយទៅគល់ភ្លៅខាងក្រោយ១កន្លែងទៀត ដែលសមត្ថកិច្ចបញ្ជាក់ថា គឺជាករណីឃាតកម្មបាញ់សម្លាប់ និងបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣គ្រាប់នៅចំណុចកើតហេតុ។
ពាក់ព័ន្ធករណីនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំសាច់ញាតិមកទទួលយក៕