
ខែនេះជាខែរងារហើយ។ តើអ្នកចូលដំណេកបែកញើសទៀតមែនទេ? ប្រសិនបើមែននោះ អ្នកប្រហែលជាមានបញ្ហាសុខភាពហើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុសុខភាព៣យ៉ាងធំៗ ដែលធ្វើឱ្យអ្នកបែកញើសពេលចូលដំណេកនៅពេលយប់ បើទោះបីជាបន្ទប់មិនក្តៅក៏ដោយ។
១. ច្រាលទឹកអាស៊ីតពីក្រពះ
វាមិនគ្រាន់តែជាការក្រហាយដើមទ្រូង និងឈឺទ្រូងដែលធ្វើឱ្យអ្នកភ្ញាក់ពីដំណេកឡើយ។ ជំងឺច្រាលទឹកអាស៊ីតពីក្រពះ មិនត្រូវបានគេសិក្សាច្រើនថាធ្វើឱ្យបែកញើសពេលយប់ឡើយ តែគ្រូពេទ្យជាច្រើននិយាយថា វាមានទំនាក់ទំនងគ្នាមួយ។ ការព្យាបាលជំងឺនេះច្រើនតែបំបាត់រោគសញ្ញាបែកញើសពេលយប់បាន។ យកល្អគួរតែព្យាយាមញ៉ាំអាហារតិចៗ និងមិនត្រូវញ៉ាំច្រើនមុនពេលចូលដំណេកឡើយ។
២. ក្រពេញទីរ៉ូអ៊ីតមានសកម្មភាពជ្រុល
ការបែកញើសញឹក គឺជាអាការៈច្បាស់មួយនៃការលើសអរម៉ូនក្រពេញទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីតជាអ្នកគ្រប់គ្រងការរំលាយអាហារ ដូច្នេះនៅពេលដែលវាបង្កើតអរម៉ូនច្រើនពេក រាងកាយអ្នកនឹងធ្វើការកាន់តែខ្លាំង។ សីតុណ្ហភាពរាងកាយនឹងកើនឡើង ហើយអាចស្រេកទឹក ឬឃ្លានកាន់តែខ្លាំង បេះដូងលោតញាប់ ឬញ័រដៃ មានអារម្មណ៍អស់កម្លាំង និងអាចរាគ និងស្រកទម្ងន់ទៀតផង។
៣. កង្វះជាតិស្ករក្នុងឈាម
ខណៈពេលដែលជាតិស្ករក្នុងឈាម អាចមិនអី តែវាអាចនឹងធ្លាក់ចុះភ្លាមនៅពេលកំពុងគេង។ រឿងនេះអាចដោយសារតែអ្នកធ្វើការច្រើនពេក ឬហាត់ប្រាណនៅពេលល្ងាច ឬមិនបានញ៉ាំអាហពេលយប់លឿន។ បើសិនជាអ្នកប្រើប្រាស់អាំងស៊ុយលីន ឬប្រើថ្នាំពពួកគ្រប់គ្រងជំងឺទឹកនោមផ្អែម វានឹងអាចធ្វើឱ្យជាតិស្ករក្នុងឈាមចុះទាបបាន។ នៅពេលជាតិស្ករអ្នកចុះទាបជាង ១៤០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម មុនពេលចូលដំណេក វាអាចធ្លាក់ចុះក្នុងរយៈពេល ពីរបីម៉ោងក្រោយ ដូច្នេះចូររកអីញ៉ាំបន្ថែមខ្លះទៅ។