
ជនសង្ស័យ ចំនួន៦នាក់ បានចេញធ្វើសកម្មភាព លួចជាក្រុម នៅក្រុងប៉ោយប៉ែត លួចបានម៉ូតូ ៥ គ្រឿង ប៉ុន្តែត្រូវបាននគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាៈ ជនសង្ស័យជាមនុស្សប្រុស ទាំង៦នាក់នោះ មានៈ ១.ឈ្មោះ រឿន ពិសិទ្ធ អាយុ២៥ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នករកទីផ្សារ ដែលចោរលួចបាន យកលក់ឲ្យ ឈ្មោះ ម៉ៅ មករា ។ ២.ឈ្មោះ ម៉ៅ មករា ហៅ រាមីន អាយុ១៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាជនដៃដល់កាច់សោ ក ម៉ូតូ ។ ៣. ឈ្មោះ តឿន ពាង អាយុ១៦ឆ្នាំ មានទីលំនៅភូមិ ចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបក្ឋពួកជាមួយ ម៉ៅ មករា ។ ៤. ឈ្មោះ កាន រ៉ង អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបក្ឋពួករបស់ ម៉ៅ មករា ។ ៥.ឈ្មោះ ហេង ចាន់ថា អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នក ទទួលទិញម៉ូតូ ដែលលួចបាន និង ៦.ឈ្មោះ វឿ សូវៀត អាយុ២៦ឆ្នាំ មានទីនៅ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាជាងជួសជុលម៉ូតូ និងកែច្នៃ។
លោកបានបញ្ជាក់ថាៈ ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ បានកម្លាំងជំនាញ ក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីឈ្មោះ គឹម ណាវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះ បានអោយដឹងថាៈ ខ្លួនបានបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊ូម័រ អ៊ិច ពណ៌ស ក្រហម ស្លាកលេខ បន្ទាយមានជ័យ 1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយបណ្តឹងរបស់ឈ្មោះ សំ សុជា ភេទប្រុស អាយុ២៧ ឆ្នាំ បាត់ម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ ១N១៨៨៤ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បណ្តឹងរបស់ឈ្មោះ ហាក់ ឆ័ងហ៊ុយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ បិតស្កុត ពណ៌ទឹកបិច ។
លោកបានឲ្យដឹងបន្តថាៈ ចំពោះម៉ូតូដែលបានដាក់បណ្តឹង ចំនួន ៣ គ្រឿង ខាងលើ សមត្ថកិច្ច បានស្រាវជ្រាវដកហូតបាននៅបឹងព្រីង ថ្មគោល១គ្រឿង ម៉ាកហុងដា វេវ ពណ៌ ខ្មៅ បិតស្កុតពណ៌ទឹកប៊ិច និងនៅឃុំភ្នំធំ ម៉ូតូ២គ្រឿង ម៉ាកហុងដា ស៊ូម័រ ពណ៌ស និងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ហើយប្រគល់ជូនទៅម្ចាស់វិញ ចំណែក ២ គ្រឿងទៀត កំពុងស្វែង រកម្ចាស់។ ចំណែកជនសង្ស័យទាំ៦នាក់ ឃាត់ខ្លួន អនុវត្តតាមនីតិវិធីផ្លូវច្បាប់ ៕/V-PC