
KhmerNew News ៖ យ៉ាងហោចណាស់មានយុវជន ៣រូប ទៀតហើយ បានប្រកាសសុំទោសឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិតសុំទោសជាសាធារណៈ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។
យុវជនទាំង ៣រូប ដែលបានប្រកាសសុំទោសឯកឧត្តម ស សុខា ជាសាធារណៈ រួមមាន ៖ ទី១. លោក សុខ ខេម អាយុ ៣០ឆ្នាំ រស់នៅភូមិប៉ាលហាល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ទី២. លោក ធូ ពន្លឺ អាយុ ២២ឆ្នាំ រស់នៅភូមិតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៣. លោក ឆាយ ឡេងស៊ាន អាយុ ៣៤ឆ្នាំ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ការប្រកាសសុំទោសជាសាធារណៈរបស់យុវជនទាំង ៣រូប ធ្វើឡើងបន្ទាប់ពី ៖ ទី១. លោក ខេម សុខ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានស៊ែរ Facebook ឈ្មោះ “សំលេងជនរងគ្រោះដោយក្រុមហ៊ុន GFX Investment “ ទី២. លោក ធូ ពន្លឺ បានស៊ែរពី Facebook ឈ្មោះ “ សូ សុភាព” និងទី៣. លោក ឆាយ ឡេងស៊ាន បានស៊ែរពី Facebook ឈ្មោះ “សូ សុភាព” ដែលបានបង្ហោះរូបភាពកាត់ត និងវាយប្រហារលើឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំជាញឹកញាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន GFX ។
ក្នុងលិខិតសុំទោសនោះ យុវជនទាំង ៣រូប បានសម្តែងការសុំទោសចំពោះឯកឧត្តម ស សុខា ព្រោះលោកបានប្រព្រឹត្តកំហុសពុំគួរគប្បីធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំ ដោយសារតែលោកមិនបានពិនិត្យព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងបានធ្វើការស៊ែរដោយគ្មានការពិចារណា ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំថា ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំ មានការពាក់ព័ន្ធនឹងក្រុមហ៊ុន GFX ។
ក្នុងលិខិតសុំទោសនោះដែរ យុវជនទាំង ៣រូប ក៏បានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការសុំទោសឯកឧត្តម ស សុខា ជាសាធារណៈ និងសន្យាមិនប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំទៀតឡើយ៕