
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងដែលមានមុខរបរដាំស្ពៃ បានត្អូញត្អែរ ពីដំណាំស្ពៃរបស់ពួកគាត់ត្រូវបានរងការលិចទឹក បន្ទាប់ពីក្រុមហ៊ុនមួយបានធ្វើផ្លូវចាក់ដីធ្វើផ្លូវបិទផ្ជិត ប្រឡាយបង្ហូរទឹកមួយកន្លែង ។
លោក ឈឿង ហួរ អាយុ ៥៣ ឆ្នាំជាប្រជាពលរដ្ឋមានទីលំនៅភូមិកោះក្របី និងស្ត្រី ឈ្មោះ ផា បានបញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា ជារៀងរាល់ឆ្នាំពួកគាត់បានដាំស្ពៃនៅទីនេះ ដើម្បីចិញ្ចឹមជីវិត ហើយឆ្នាំនេះ ពួកគាត់បានជួលដីគេមកដាំស្ពៃ ដូចសព្វដង ។
ប៉ុន្តែនៅយប់ថ្ងៃទី៥ ធ្នូ បន្ទាប់ពីមានក្រុមហ៊ុនមួយ បានចាក់ដីធ្វើផ្លូវបិទប្រឡាយទឹកហូរចេញ បណ្តាលឲ្យជន់លិច ស្ពៃរបស់ពួកគាត់ខូចខាត ក្នុងរយៈពេលមួយយប់ប៉ុណ្ណោះស្ពៃ របស់ពួកគាត់ត្រូវបានលុចលង់ អស់ជាច្រើនរង ។
ពួកគាត់បានសំណូមពរដល់អាជ្ញាធរ ខេត្ត ក្រុង សូមមេត្តាជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនខាងលើ ជួយដាក់ប្រព័ន្ធលូរំដោះទឹកចេញ ដើម្បីឲ្យពួកគាត់អាចបានដាំស្ពៃបានដូចសព្វដងផង។
ជុំវិញការធ្វើផ្លូវបិទប្រឡាយរំដោះទឹកនេះដែរ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថាអាជ្ញាធរខេត្តបានឲ្យក្រុមហ៊ុនមួយធ្វើផ្លូវ បេតុង ប្រវែង 3 គីឡូម៉ែត្រ ចូលទៅដីដែលត្រៀមវិនិយោគធ្វើបុរី មួយកន្លែងនៅក្នុងភូមិកោះក្របីដោយ អាជ្ញាធរខេត្តបានអនុញ្ញាតច្បាប់រួចហើយ ។
ទោះជាយ៉ាងនេះក្តី លោក ហ៊ីង ភ័ព្វមីនាអភិបាលរង ក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថាលោកមិនបានដឹងរឿងហ្នឹងទេ ប៉ុន្តែលោកនឹងចុះអន្តរាគមន៍ហើយនៅរសៀលនេះខាងក្រុមហ៊ុនគេនិងកាយដាក់លូដើម្បីរុំដោះទឹកអោយហើយ៕