
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន ដោយមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យ ពិភាក្សា វាយតម្លៃសភាពការណ៍គ្រឿងញៀនរយៈពេល៩ខែ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ឆ្នាំ២០២១ និងការងារដើមឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានត្រួតពិនិត្យនិងវាយតម្លៃខ្ពស់ព្រមទាំងកោតសរសើរចំពោះក្រសួង ស្ថាប័ន ជាសមាជិក កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ វិស័យសាសនា ឯកជន និងសង្គមស៊ីវិល ដែលតែងតែបានខិតខំបំពេញការងារយ៉ាងសកម្ម ដោះស្រាយនូវរាល់បញ្ហាគ្រឿងញៀន និងទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ ទោះបីកម្ពុជានិងពិភពលោកបាននឹងកំពុងជួបប្រទះនិងមេរោគរាតត្បាតកូវីដ-១៩ ក៏ដោយ។
កិច្ចប្រជុំក៏បានធ្វើការកត់សម្គាល់ថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏សកម្មភាពត្រួតពិនិត្យគ្រឿងញៀនរបស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងវិស័យពាក់ព័ន្ធនៅតែមានសកម្មភាពផុលផុស និងបន្តកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនបានគួរជាទីមោទន:។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យឯកឧត្តម លោកជំទាវ ជាប្រធានស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តនូវចំណុចសំខាន់ៗ មួយចំនួនបន្តទៀតរួមមាន៖ បន្តអនុវត្តសកម្មភាពប្រតិបត្តិការឱ្យបានកាន់តែផុលផុសថែមទៀត បន្តការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់គ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យា និងគោលដៅសំខាន់ៗ បន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ បន្តពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងបន្តរៀបចំគោលនយោបាយសរសើរលើកទឹកចិត្តពហុវិស័យ។