
ភ្នំពេញ៖ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការបង្ហាញរបាយការណ៍ផ្លូវការស្ដីពី លទ្ធផលនៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ដោយក្នុងរបាយការណ៍បានបញ្ជាក់ថា៖
ទី១.ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ទី២.ដកហូតដីរដ្ឋទំហំ ២.១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹកដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ អបក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចមានផែនទីបង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់មកជាមួយ។
ទី៣.ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក តាមស្មារតី នៃអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។
ទី៤.ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ។
ទី៥.ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹកដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។
ទី៦.ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។
ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃរបាយការណ៍៖