
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគត ។ នេះបើយោងតាមញត្តិគាំទ្រ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ និងត្រូវបានឯកឧត្តម ស សុខា បង្ហោះជាសាធារណៈក្នុងផេកផ្លូវការរបស់ខ្លួន នៅមុននេះបន្តិច ។
ក្នុងញត្តិគាំទ្រ ឯកឧត្តម ស សុខា បានសម្តែងខ្លឹមសារយ៉ាងដូច្នេះថា ៖ “ខ្ញុំបាទ និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ដែលប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគត ។
ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេងដ៏ឆ្នើមមួយរូប ជាបញ្ញវន្តពោរពេញដោយសមត្ថភាព សក្តានុពល និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អប្រពៃ ដែលទទួលបានការកោតសរសើរ ការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបាននិងកំពុងធ្វើសកម្មភាពរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។
យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្ដិសមជាអនាគតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំ ការពារបូរណ ភាពទឹកដី សុខសន្តិភាព ការលើកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ អោយកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្ដីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប” ៕