
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុៈទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។
ការព្យាបាល ថែទាំ៖
ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
សូមបងប្អូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងសូមរាយការណ៍ជាបន្ទាន់បេីឃេីញកេីតជាច្រេីនក្នុងកន្លែងធ្វេីការ សាលារៀន ក្នុងសហគមន៍ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥