
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី មានករណីគ្រោះអគ្គិភ័យឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឆេះបំផ្លាញអស់ផ្ទះតូចៗចំនួន ១២ខ្នង និងសម្ភារប្រើប្រាស់អស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជាសំណង់មិនរៀបរយចំនួន ១២ខ្នងផ្ទះតូច ហើយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរគ្រូតំប្បាញ។ បើតាមលោក ព្រហ្ម យ៉ន ចំពោះមូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះឈើលើថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ) ឆេះសំណង់មិនរៀបរយ ១២ខ្នងផ្ទះតូច និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង, ទូរទឹកកកចំនួន ១គ្រឿង, លុយខ្មែរចំនួន ២លានរៀល និងលុយដុល្លារចំនួន ១,០០០ដុល្លារ អស់ទាំងស្រុង។ នេះបើតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមរបាយការណ៍ នៅក្នុងប្រតិបត្តិការសង្គ្រោះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៦ឡាន ស្មើនឹង ១០៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រូគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទីនាថ្ងៃដដែរ៕