
ភ្នំពេញ ៖ ថ្មីៗនេះលោក សេង សុធារ៉ា បានប្រកាសសុំទោសឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិត និងបង្ហោះជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ។
ការប្រកាសសុំទោសជាសាធារណៈរបស់លោក សេង សុធារ៉ា ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោកបានស៊ែរគណនីហ្វេកបុកឈ្មោះ “សូ សុភាព” ដែលបានបង្ហោះរូបភាពកាត់ត និងវាយប្រហារលើឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំជាញឹកញាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន GFX ។
ក្នុងលិខិតសុំទោសនោះ លោក សេង សុធារ៉ា បានសម្តែងការសុំទោសចំពោះឯកឧត្តម ស សុខា ព្រោះលោកបានប្រព្រឹត្តកំហុសពុំគួរគប្បីធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំ ដោយសារតែលោកមិនបានពិនិត្យព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងបានធ្វើការស៊ែរដោយគ្មានការពិចារណា ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំថា ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំ មានការពាក់ព័ន្ធនឹងក្រុមហ៊ុន GFX ។
ក្នុងលិខិតសុំទោសនោះដែរ លោក សេង សុធារ៉ា ប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការសុំទោសឯកឧត្តម ស សុខា ជាសាធារណៈ និងសន្យាមិនប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំទៀតឡើយ៕