
នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីពង្រឹងគុណភាពអប់រំរវាងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមប្រព័ន្ធវីដេអូ Zoom ។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀងខាងលើនេះ រៀបចំនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាខេត្តកំពង់ចាម និងតាមប្រព័ន្ធវីដេអូ Zoom ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឯកឧត្តម ទុំ សារ៉ាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ឯកឧត្តមបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការសាកលវិទ្យាល័យក្រចេះ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និស្សិត ជាច្រើនរូបផងដែរ៕