
មនុស្សចំនួន១២០នាក់ត្រូវបានចាប់ខ្លួននៅប៉ាគីស្ថានក្រោយពីអ្នកចាត់ការរោងចក្រ ជនជាតិស្រីលង្កាម្នាក់ត្រូវបានវាយសម្លាប់និងដុតដោយហ្វូងមនុស្សដែលចោទប្រកាន់លោកថាប្រមាថសាសនា នេះបើតាមការបញ្ជាក់ពីពួកមន្ត្រីកាលពីថ្ងៃសៅរ៍។
ការវាយប្រហារដោយហ្វូងមនុស្សឥតសណ្តាប់ធ្នាប់នេះបានបង្កកំហឹងសាធារណៈ ដោយនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ ហៅវាថា«ថ្ងៃនៃក្តីអាម៉ាសរបស់ប៉ាគីស្ថាន» ។
ហេតុការណ៍វាយសម្លាប់នេះបានកើតឡើងកាលពីថ្ងៃសុក្រនៅស៊ីអាល់កុត ដែលជាស្រុកមួយនៅខេត្ត ពុនចាប ។
ប៉ូលិសបាននិយាយថា អ្នកចាត់ការរូបនេះត្រូវបានគេសម្លាប់ក្រោយលេចឮពាក្យចចាមអារ៉ាមថា «ជនរងគ្រោះនេះបានប្រព្រឹត្តការប្រមាថសាសនា។ពាក្យចចាមអារ៉ាមសុះសាយពេញរោងចក្រថាអ្នកចាត់ការរូបនេះបានហែកផ្ទាំងក្រដាសសាសនាមួយ និងគ្រវែងវាចូលក្នុងធុងសម្រាម»។
រូបភាពក្នុងវីដេអូបានបង្ហាញហ្វូងមនុស្សបានវាយជនរងគ្រោះនិងស្រែកពាក្យស្លោកប្រឆាំងការប្រមាថសាសនា។រូបផ្សេងទៀតបង្ហាញសាកសពជននេះត្រូវគេដុត ព្រមទាំងរថយន្តខូចខាតរបស់ជនរងគ្រោះនៅពេលអ្នកចូលរួមជាច្រើនមិនបានព្យាយាមលាក់បាំងអត្តសញ្ញាណរបស់ខ្លួនទេ និងថែមទាំងថតសែលហ្វ៊ីមុខសាកសពថែមទៀត។
អ្នកនាំពាក្យប៉ូលិសបាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស១២០នាក់ត្រូវបានចាប់ខ្លួន រួមមានម្នាក់ជាមេក្លោង។
ក្នុងពេលជាមួយគ្នា គ្រប់គណបក្សនយោបាយនិងក្រុមសាសនានៅប៉ាគីស្ថានបានថ្កោលទោសទង្វើព្រៃផ្សៃនេះ រួមមានមេទ័ពប៉ាគីស្ថានផង។
មន្ត្រីប៉ាគីស្ថានម្នាក់បាននិយាយថា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាតបានទាក់ទងអ្នកកាទូតស្រីលង្កាអំពីឧបទ្ទវហេតុនេះ និងបានធានាថា អ្នកពាក់ព័ន្ធក្នុងបទឧក្រិដ្ឋនេះនឹងត្រូវបានមកកាត់ទោស៕