
ក្រសួងទេសចរណ៍កំពុងបន្តចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ដើម្បីធានាថា ការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដា។ ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩ ក្នុងនោះ ផ្តោតលើ ១). សូចនាករពីបរិស្ថាន ២). សូចនាករពីការតុបតែងខាងក្នុង ៣). សូចនាករពីសុវត្ថិភាព ៤). សូចនាករពីសំភារៈប្រើប្រាស់ និង៥). សូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។
បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងទទួលការដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ពីអាជីវកម្មកាណូតទេសចរណ៍ និងកំពុងបន្តចុះត្រួតពិនិត្យសុវត្ថិភាព-គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម ដើម្បីអនុញ្ញាតឱ្យអាជីវកម្មអាចប្រើប្រាស់សម្រាប់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាដៃគូរ។
ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្តអាជីវកម្មកាណូតទេសចរណ៍មកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈមន្ទីទេសចរណ៍រាជធានី ខេត្ត។
ក្រសួងទេសចរណ៍សូមអបអរសាទរអាជីវកម្មកាណូតទេសចរណ៍ រួមមាន៖
១. សមាគមកាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស (ខេត្តសៀមរាប)
២. សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ឃ្លំាង (ខេត្តសៀមរាប)
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទ ឬ Telegram លេខ 092 779 833/012 298 954