
កំពត៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស្ទូចដឹកគ្រឿងសំណង់ និងរថយន្តតូរីសដឹកអ្នកដំណើរ នៅវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថតិក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្ករ ម៉ាកហ៊ីណូ ពណ៌ស ជាប្រភេទរថយន្តស្ទូចដឹកគ្រឿងសំណង់ បើកបរក្នុងទិសដៅពីលិចមកកើត ហើយរថយន្តដឹកអ្នកដំណើរម៉ាកតូរីស ស៊ាំងយ៉ុង ១២កៅអី បានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីទិសខាងកើតទៅលិច។ លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តស្ទូចផ្ទះកង់ ហើយក៏រេចង្កូតបុករថយន្តដឹកអ្នកដំណើរពេញទំហឹងរួចធ្លាក់ពីផ្លូវទាំងពីរគ្រឿង។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តដែលបង្ករម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរដោយឈ្មោះ រ៉ន វណ្ណា ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ចំណែកឯអ្នកបើករថយន្តទូសីស ពណ៌ស ផ្លាកលេខភ្នំពេញ 2N-8313 ពុំស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ច បានបន្ថែមថា អ្នកធ្វើដំណើរក្នុងរថយន្តតូរីស មានចំនួនចំនួន ១១នាក់ ស្រីចំនួន ០២នាក់ ហើយបានស្លាប់ចំនួន ៥នាក់ ស្រី ១នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងចំនួន ៤នាក់ និងម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ចំណែកឯកមនុស្ស ៦នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ចំពោះសពអ្នកស្លាប់ត្រូវបានតម្កល់ទុកនៅវត្តរលួស ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ រីឯអ្នកបើកបររថយន្តបង្ករ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែករថយន្ដទាំង ០២គ្រឿង ខូចកម្រិតធ្ងន់ត្រូវបានរក្សាទុកនៅអធិការដ្ឋានក្រុងបូកគោ ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕