
ពោធិ៍សាត់៖ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅឯតំបន់ជួរភ្នំក្រវាញ បានធ្វើឲ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ហក់ឡើងខ្លាំង នៅល្ងាចថ្ងៃទី០១ និងព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ដែលធ្វើឲ្យភូមិឋានប្រជាពលរដ្ឋមួយចំនួន តាមមាត់ស្ទឹងលិចជាអន្លើៗ ប៉ុន្តែមិនបង្កភាពធ្ងន់ធ្ងរនោះទេ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានមានប្រសាសន៍ថា កម្ពស់ទឹកស្ទឹង អាចនឹងស្រកចុះទៅវិញ ក្នុងថ្ងៃនេះនិងថ្ងៃស្អែក ពីព្រោះស្ថានភាពអាកាសធាតុ នៅឯតំបន់ជួរភ្នំក្រវាញ ផ្ទៃមេឃស្រឡះជាបណ្តើរៗ ពុំមានភ្លៀងធ្លាក់ច្រើនជោគជាំនោះទេ ហើយក៏ជាអំណោយផលល្អផងដែរ សម្រាប់ប្រជាកសិករ ដែលបាននិងកំពុងបង្កបង្កើនផលស្រូវរដូវវស្សា ហើយខ្វះទឹកសម្រាប់ស្រោចស្រព។
បើទោះបីកម្ពស់ទឹកមកដល់ព្រឹកនេះ ហាក់មានការស្រកចុះបន្តិចក្តី, លោកអភិបាលខេត្ត សូមឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះទឹកជំនន់ ចំពោះអាកាសធាតុ ពិសេសប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ ពីព្រោះរដូវនេះជារដូវវស្សា៕