
ភ្នំពេញ ៖ បុរសចំនួន២នាក់ បានជិះម៉ូតូហុងឌ្រីម ក្នុងគោលបំណងទៅទទួលមិត្តភ័ក្ដិម្នាក់ទៀតបំរុងដើរលេងយប់ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមដែលប្រដាប់ដោយដាវកែច្នៃបានធ្វើសកម្មភាពដេ.ញកា.ប់ប្ល.ន់យកម៉ូតូទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅជិតតំបន់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពដដែលក៏បានបន្តទៀតថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា២នាក់មិត្តភក្តិ បានជិះម៉ូតូហុងដាឌ្រីម ចេញពីផ្ទះជួលម្តុំវត្តសន្សំកុសល ក្នុងគោលបំណងទៅយកមិត្តភក្ដិម្នាក់ទៀតនៅម្តុំជិតខុនដូមួយកន្លែងក្បែរទាំងកើតហេតុ ដើម្បីដើរលេងបន្ត។ លុះពេលធ្វើដំណើរមកដល់ មិនទាន់បានជួបមិត្តភក្តិផង ក៏ស្រាប់ត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូប្រភេទអូតូ មិនស្គាល់ម៉ាក មកធ្វើសកម្មភាពយកដាវកែច្នៃដេ.ញកា.ប់ពួកគេទាំង២នាក់។ ហើយពេលនោះ ពួកគាត់ទាំង២នាក់ភ័យស្លន់ស្លោរពេកក៏រត់ចោលម៉ូតូតែម្តង ចំណែកបក្សពួកជនសង្ស័យនាំគ្នាលើកម៉ូតូ រួចជិះយកទៅបាត់ស្រមោលទៅ។
ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ លុះបន្តិចក្រោយមក ក៏មានមិត្តភក្ដិរបស់ជនរងគ្រោះម្នាក់ទៀតបានចេញមកជួបជនរងគ្រោះ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងសួរនាំពីហេតុការណ៍ផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ រួមទាំងមិត្តភក្ដិទាំងអស់ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យផងដែរ៕