
អស់រយៈពេលជាច្រើនខែមកហើយដែលគូស្នេហ៍ផ្អែមល្ហែម ថុល សុភិទិ និងអ្នកមេម៉ាយកូន១ ឡុង ម៉ានីន បានស្គាល់គ្នា។ ទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ ហើយនិងបានធ្វើការដើរកម្សាន្ដជាមួយគ្នាញឹកញាប់ទៀតផង ហើយថ្មីៗនេះផងដែរ មិនដឹងជានាំសង្សារ និងមិត្ដភក្ដិទៅលេងនៅឯណាទេ ស្រាប់តែលេចធ្លាយថា ម៉ានីន អន់ចិត្ដយ៉ាងខ្លាំង ក្រោយដែលមានគេនិយាយដើមនាង និងភិទិ។
អ្នកនាង ឡុង ម៉ានីន បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីបង្ហាញពីអារម្មណ៍ពិតថា ពាក្យសម្ដីខ្លះអ្នកនិយាយគិតថាធម្មតា តែវាបានប៉ះទង្គិចអារម្មណ៍នាងយ៉ាងខ្លាំង។ ដូចជាពាក្យថា៖ “សង្សារគេសុទ្ធតែក្រមុំ តែសង្សារ ភិទិ មេម៉ាយ ហើយមានកូនមួយទៀត”។
ទាក់ទងបញ្ហានេះតារាចម្រៀង ថុល សុភិទិ មិនបាននិយាយអ្វីឡើយ ប៉ុន្ដែបច្ចុប្បន្នគេនៅឃើញតារាចម្រៀងរូបនេះ និងអ្នកនាង ឡុង ម៉ានីន ដើរលេងជាមួយគ្នា ហើយបង្កើតភាពផ្អែមល្ហែមដូចគូស្វាមីភរិយាទើបរៀបការហើយថ្មីថ្មោង។ ជុំវិញការបញ្ចប់នូវពាក្យចំអន់ ឬនិយាយដើមគូស្នេហ៍ទាំងពីរនេះ ធ្លាប់ត្រូវបានអ្នកគាំទ្រផ្ដល់គំនិតថាដើម្បីបញ្ចប់បញ្ហា គួរតែIdol ទាំងពីររៀបការឲ្យបានឆាប់ៗទើបល្អ។
ទោះជាយ៉ាងណាមិញអ្នកមេម៉ាយកូន១ ឡុង ម៉ានីន ធ្លាប់បញ្ជាក់ថា រូបនាង និងថុល សុភិទិ ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងស្អិតរមួតមែន ប៉ុន្ដែរឿងរៀបការនោះ មិនទាន់មានគម្រោងនៅឡើយទេ។ ពួកគេ នៅតែបន្ដរស់នៅស្វែងយល់ចិត្ដគ្នា ហើយបង្កើតភាពកក់ក្ដៅរហូតសម្រាប់ស្នេហាមួយនេះ៕
ប្រភព÷ SABAY DIGITAL
ប្រែសម្រួល÷ជា ស្រីពៅ