
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃនេះ បាន ប្រកាស ពី បេក្ខភាពយុវជន កម្ពុជា ២រូប បាន ជាប់ អាហារូបករណ៍ ក្នុងកម្មវិធី Fullbright ដែល ជា កម្មវិធី អាហារូបករណ៍ ផ្ដល់ ជូន ដល់ និស្សិត បរទេស បាន ទៅ សិក្សា ស្រាវជ្រាវ នៅ សហរដ្ឋអាមេរិក។
យុវជន កម្ពុជា ដែល មាន សមត្ថភាព ស្ថិត ក្នុង ជម្រើស មាន កញ្ញា ជ័យ សុជាតា ដែលត្រូវបានជាប់ជាបេក្ខជនមួយក្នុងកម្មវិធីអាហារូបករណ៍ Fullbright Foreign Student Program។ សុជាតាគឺជាអ្នកគូរប្លង់ស្ថាបត្យកម្មដែលមានការខិតខំយ៉ាងខ្លាំង និង យកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អស្ថាបត្យកម្មមនុស្សធម៌ អភិវឌ្ឍសហគមន៍រស់ នៅដែលធានានិរន្តភាព ហើយជម្រុញនគរូបនីយកម្មប្រកបដោយបរិយាបន្ន។ តាមរយៈកម្មវិធី Fullbright នេះ សុជាតានឹងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកប្លង់ និងបរិស្ថានអេកូឡូស៊ី ក្នុងនៅ Parsons School of Design ក្នុងទីក្រុង New York ។
ទី២ គឺ លោក មាស អាទិទេព ដែលត្រូវបានជាប់ជាបេក្ខជនមួយក្នុងកម្មវិធីអាហារូបករណ៍ Fullbright Foreign Student Program ដូចគ្នាដែរ។ អាទិទេព គឺជាទីប្រឹក្សាពិគ្រោះយោបល់ផ្នែកច្បាប់ ដោយផ្តោតលើច្បាប់មនុស្សធម៌ ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីសិទ្ធិមនុស្ស។
តាម ស្ថានទូតអាមេរិក នៅ កម្ពុជា អាទិទេព បានខិតខំជួយអ្នកដែលត្រូវបានគេបំបាត់សម្លេង ហើយដែលត្រូវបានគេដកសិទ្ធិដោយអយុត្តិធម៌។ លោកទទួលបានអាហារូបករណ៍ Fullbright សម្រាប់សិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងច្បាប់ស្តីពីសិទ្ធិម នុស្ស នៅ University of Colorado។
ទន្ទឹម នឹង យុវជន ខ្មែរ ២រូប ត្រូវ បាន ប្រកាស ជាប់ អាហារូបករណ៍ ក្នុងកម្មវិធី ខាង លើ ក៏ មាន យុវជន ខ្មែរ ២ រូប ទៀត ដែរ បាន បញ្ចប់ អាហារូបករណ៍ ក្នុង កម្មវិធី មួយ ទៀត របស់អាមេរិកដូចគ្នា ហៅ ថា YSEALI Professional Fellowship។
អ្នកទាំង ពីរមានឈ្មោះថា ហុក ស្រីមុំ និង តី សារិន ដែលបានបញ្ចប់ប្រកបដោយជោគជ័យ នូវកម្មវិធីអាហារូបករណ៍ YSEALI Professional Fellowship នៅក្នុងសហរដ្ឋអាមេរិក កម្មវិធី នេះ ផ្តល់ដល់ពួកគេ នូវឱកាសបានធ្វើការទំនាក់ទំនងការងារ និងរៀនសូត្រពីអ្នកជំនាញអាជីព និងបានចូលរួម ក្នុងទស្សនកិច្ចសិក្សាក្រោមគម្រោង YSEALI នៅទីក្រុង Washington នៅរដ្ឋ California និងរដ្ឋ Michigan ។
ដោយឡែកកម្មវិធីនិស្សិតបរទេស Fullbright គឺ ជាកម្មវិធី អនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សា អ្នកជំនាញវ័យក្មេង និងសិល្បករមកពីបរទេសមកសិក្សា និងធ្វើការស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ កម្មវិធីនេះដំណើរការនៅក្នុងប្រទេសជាង 160 នៅទូទាំងពិភពលោក។ ជាក់ស្ដែង និស្សិតបរទេសប្រមាណ 4,000 នាក់ទទួលបានអាហារូបករណ៍ Fullbright ជារៀងរាល់ឆ្នាំ៕
ប្រភព÷ SABAY DIGITAL
ប្រែសម្រួល÷ជា ស្រីពៅ