
ភ្នំពេញ: យុវជនម្នាក់បានស្លា.ប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តមួយគ្រឿងបុកពេញទំហឹង ផ្លោងចេញពីរ៉ឺម៉កជាង១០ម៉ែត្រ ហើយរថយន្តបង្ក បានព្យាយាមបើករត់រហូតដល់ខាងក្រោយសាលាសន្ធម៉ុកជ្រុលទៅបុកម៉ូតូ PCXមួយគ្រឿងទៀត ទើបត្រូវបានសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងតៃកុង។
ហេតុការណ៍ខាលើនេះ កើតឡើងកាលវេលាម៉ោង២និង៥០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃ សៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៣៨កែងនិងផ្លូវ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
ស.ពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយស្លៀកខោខ៊ូប៊ូយ ពណ៌ប្រផេះ ពាក់អាវដៃវែង ក្រឡាការ៉ូ សម្បុរខ្មៅស្រអែម កម្ពស់ប្រហែលមួយម៉ែត្រ 60 ពាក់ស្បែកជើងផ្ទាត់។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត TOYOTA PRIUS ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 2BN 7592
បើកបរដោយបុរសម្នាក់និងនាក់រួមដំណើរនារីម្នាក់ទៀត តាមបណ្ដោយផ្លូវ២២១ទិ សដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករ៉ឺម៉កដឹកបន្លែ បើកដោយយុវជនម្នាក់តាមបណ្ដោយផ្លូវ១៣៨ ទិសដៅពីកើតទៅលិចចំពេញទំហឹង បណ្ដាលឲ្យម្ចាស់រ៉ឺម៉កផ្លោងជាច្រើនម៉ែត្របែកក្បាលស្លាប់គួរឲ្យរន្ធត់។ ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់រហូត ទៅដល់ក្រោយសាលាបឋមសិក្សាសន្ធម៉ុកជ្រុលទៅបុកម៉ូតូ PCX មួយគ្រឿងទៀត ដែលចតស្ងៀម ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1IS 7530 ទើបសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបានរង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្ក និងរ៉ឺម៉ករងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែក សពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណាត់ហេតុរួច ប្រគល់ឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕