
ភ្នំពេញ ៖ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ៥ល្ងាច កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានឆ្មក់ចូលបង្ក្រាបអាជីវកម្មអ៊ីនធើណែតមួយកន្លែងលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ និងធ្វើការឃាត់ខ្លួនបានមនុស្ស៩នាក់ និងសម្ភារៈមួយចំនួន។
ក្នុងប្រតិបត្តិការឆ្មក់ចូលបង្ក្រាបនេះផងដែរ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិ ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌបានឲ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងក្នុង គោលដៅ ដើម្បីលុបបំបាត់ឲ្យអស់ល្បែងស៊ីសង គ្រប់រូបភាព ក្នុងមូលដ្ឋានខណ្ឌ។
កម្លាំងអាជ្ញាធរបានបន្តថា ការឃាត់ខ្លួនអ្នកពាក់ព័ន្ធមានចំនួន៩នាក់ ស្រី៣ នាក់ និង ដកហូត ម៉ូនីទ័រចំនួន២៦គ្រឿង , ស៊ីភីយូ ចំនួន២៦ គ្រឿង , ទូរទស្សន៍ចំនួន ៤គ្រឿង ម៉ាស៊ីន ព្រីន ចំនួន២ គ្រឿង , ត្រាចំនួន ២, បុងមួយចំនួន និង ដកហូតថវិកា បានជាង៧០ម៉ឺនរៀល។ បច្ចុប្បន្នមនុស្សប្រុសស្រីទាំង០៩នាក់ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែង ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕