
ខេត្តព្រះសីហនុ ៖ នគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវនិងបង្ក្រាប ជនសង្ស័យចំនួន៧នាក់ នាំយកទៅសាកសួរ ក្នុងករណីប៉ុនប៉ងមនុស្សឃា.ត ដោយប្រើកាំបិ.តកា.ប់ទៅលើបុរសជនជាតិចិនចំនួន ០៣នាក់ បណ្តាលឲ្យរបួសធ្ងន់ ។
ប្រភពពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដឹងថា ជនសង្ស័យមួយក្រុមដែលធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះទាំង៣នាក់នោះរួចហើយ ក្រុមជនសង្ស័យបានជិះរថយន្តចំនួន៣គ្រឿងរត់គេចខ្លួន ដោយក្នុងនោះ ១-ម៉ាក MUSTANG ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BS-6371, ២-ម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AD-6901 និង៣- ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6980 ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវ រហូតស្វែងរកឃើញរថយន្តចំនួន២គ្រឿងទៀត ក្នុងនោះ មួយគ្រឿងម៉ាក MUSTANG ពណ៌ក្រហម និងមួយគ្រឿងម៉ាក STAREX ពណ៌ស ដែលចតទុកនៅមុខអគារ១កន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានបទបញ្ជា និងដឹកនាំប្រតិបតិការផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើរដ្ឋបាលឆែកឆេរនៅក្នុងអគារ ដើម្បីស្វែងរកជនសង្ស័យ។ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះចំនួន០៧នាក់ ភេទប្រុស ជាជនជាតិចិន យកមកធ្វើការសាកសួរ និងនាំយកមនុស្សដែលធ្វើការនៅក្នុងអគារនោះចំនួន៦នាក់ទៀត (ក្នុងនោះចិន៤នាក់ និងខ្មែរ២នាក់) យកទៅធ្វើសាកសួរតាមជំនាញផងដែរ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីបើកការស្រាវជ្រាវ ដើម្បីតាមស្វែងរកចាប់ខ្លួនបក្សពួកដែលនៅសេសសល់បន្ថែមទៀត៕