
ព្រៃវែង ៖ ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារ និងលោក សក ឡី អនុប្រធាន ព្រមទាំងក្រុមការងារ បានចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ២៣៤នាក់ នៅវិទ្យាល័យ ព្រៃដើមថ្នឹង ក្នុងស្រុកស៊ីធរកណ្តាល ក្រោមអធិបតីភាពលោក សន រ៉ែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស៊ីធរកណ្តាល និងជានាយកវិទ្យាល័យព្រៃដើមថ្នឹង។
សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធរៀនមុខវិជ្ជាបែបលំហាត់ និងមុខវិជ្ជាបែបអំណានត្រៀមប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការត្រៀមខ្លួនចូលទីផ្សារការងារអាស៊ាន ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ ស សុខា ។ល។