
ខេត្តកំពត ៖ បុរស០៣នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតបានស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយ ដែលបង្កឡើងដោយ រថយន្តមួយគ្រឿង បើកទៅបុករះម៉ូតូចំនួន០២គ្រឿង នៅលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថាៈ ជនរងគ្រោះ ទាំងបួននាក់ រួមមានៈ ១. ឈ្មោះ លី ជីអ៊ីន និង ២. ឈ្មោះ យុ មេត្តា ។ ក្មេងប្រុសទាំងពីរនាក់នេះ មានអាយុ ១៥ ឆ្នាំដូចគ្នា មានលំនៅ នៅក្នុងភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ៣. ឈ្មោះ ថាត ចំរើន និង ៤. ឈ្មោះ ឈាង បរិញ្ញា ។ ក្មេងប្រុសទាំងពីរនាក់ មានអាយុ ១៦ ឆ្នាំ ដូចគ្នា មានលំនៅ នៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ច បន្តថា ៖ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ៣៩-៤០ រវាងរថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿង នៅពេលកំពុងបើកបរ បញ្ច្រាសទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូទាំងពីរគ្រឿង ធ្វើដំណើរដោយយុវជន បួននាក់ មកពី ទិសខាងជើង។ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿង មកពីទិស ខាងត្បូង បើកក្នុងល្បឿន យ៉ាងលឿន ដោយជែងរថយន្តមួយគ្រឿងរួចជ្រុលទៅ បុករះម៉ូតូទាំងពីរ បណ្តាលឱ្យអ្នកដំណើរ ខ្ទាតដេកដួល រដូករណែល លើដងផ្លូវ។
អ្នកបើកបរ បានរត់គេចបាត់ ដោយបន្សល់ទុក រថយន្តម៉ាក MAZDA ប្រភេទ PICK-UP ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-6512 នៅនឹងកន្លងែងកើតហេតុ។ លុះអ្នកជិតខាង ចូលទៅជួយ ស្រាប់តែឃើញយុវជន បីនាក់ បានស្លាប់ភ្លាមៗ។ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្រាច តែបានស្លាប់ នៅទីនោះតែម្តង៕