
ព្រៃវែង ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារ និងលោក សក ឡី អនុប្រធានក្រុមការងារ បានចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ៤៣៤នាក់ នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងស្រុកកំចាយមារ ក្រោមអធិបតីភាពលោក ទិន ភារម្យ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ។
សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធរៀនមុខវិជ្ជាបែបលំហាត់ និងមុខវិជ្ជាបែបអំណានត្រៀមប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការត្រៀមខ្លួនចូលទីផ្សារការងារអាស៊ាន ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ ស សុខា ។ល។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ ក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ៕