កំពង់ចាម៖ មកដល់ពេលនេះ អាជ្ញាធរមូលដ្ឋាន បានចុះកំណត់ផ្ទៃដីបឹងចារ ស្ថិតនៅភូមិក្សេ ភូមិព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉កថ្មី ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួចរាល់ហើយ និងសម្រេចឃ្លុំរក្សាទុក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ព្រមទាំងអំពាវនាវ ដល់ប្រជាពលរដ្ឋ មិនអនុញ្ញាត្តអោយធ្វើការទន្រា្ទន្ត ដាំដុះ នៅលើដីតំបន់ហាមឃាត់នេះទៀតឡើយ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថា ក្រោយពីមានការចោទប្រកាន់ពីប្រជាពលរដ្ឋមក រដ្ឋបាលស្រុក លោកក៏បានបង្កើតគណៈកម្មការ សហការជាមួយអាជ្ញាមូលដ្ឋាន និងស្ថាប័នជំនាញ ចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការហ៊ុមព័ទ្ធដីនៅទីនោះ មិនអោយប្រជាពលរដ្ឋណាម្នាក់ប៉ះពាល់ទៀតឡើយ។ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមសហការជាមួយអាជ្ញាធរស្រុក ដើម្បី បានចាត់ការទាន់ពេលវេលា ចំពោះ ជនល្មើស ផងដែរ ។
ចំណែក លោក ប៉ាង សុផល ដែលមានប្រពន្ធឈ្មោះ ឌុច សុផល ត្រូវជាបងបង្កើត លោក ឌុច ភាស់ បានរៀបរាប់ថា ដី ១កន្លែងនេះ គឺជាកេរ្តិ៍របស់ឪពុក តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ក្រោយមក ក៏បានលក់ឲ្យទៅ ឈ្មោះ ឌី វណ្ណា ។ លោកបញ្ជាក់ដែរថា ចំពោះ ករណីដែលប្រជាពលរដ្ឋចោទថា ឈ្មោះ ឌី វណ្ណា បានឈូសឆាយយកដីបឹង គឺដោយតែសារ ប្អូនថ្លៃរបស់គាត់ កាលនៅក្មេងៗមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ថាជាដីដែលគាត់កាប់រាន តាំងពី លោក ឌុច ភាស់ មិនទាន់កើតម៉្លេះ ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋជាអ្នកទិញ ឈ្មោះ ឌី វណ្ណា បច្ចុប្បន្ន រស់នៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបញ្ជាក់ថា គាត់ពិតជាបានទិញដី ១កន្លែង នេះ តាំងពីឆ្នាំ២០១៥ មកមែន ដោយមានការព្រមព្រៀងទៅវិញទៅមក ហើយក៏បានទុកចោល រហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះ លោកក៏បានធ្វើការគាស់កូនព្រៃ យកមកធ្វើជាជី សម្រាប់ដាក់ដំណាំ ។ លោកពុំដឹងថា ការចោទប្រកាន់ របស់ប្រជាពលរដ្ឋផ្សេងៗ មកលើរូបគាត់នោះត្រឹមត្រូវ ឬទេ ដោយសារតែ រូបគាត់បានឈូសឆាយ តែនៅលើដី ដែលបានទិញពីម្ចាស់ដើម ប៉ុណ្ណោះ ។
ទាក់ទងទៅនឹងបញ្ហាខាងលើ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានញ្ចាក់ថា ក្រោយពីការចុះពិនិត្យ និងអង្កេតជាក់ស្ដែង ឃើញថាពិតជាមានការឈូសឆាយដីព្រៃ ប្រហែលជិតជា ១ហ.ត មែន ។ លោកបន្តថា បើយោងតាមច្បាប់ជលផល យើងអាចធ្វើការពិនិន័យ និងដាក់ទោសទណ្ឌ ទៅលើជនដែលប្រព្រឹត្តល្មើស នាពេលកំពុងដាក់គ្រឿងចក្រឈូសឆាយនោះ ។
ជុំវិញការចោទប្រកាន់នេះដែរ ឯកឧត្តម ស្រី សុភ័ក្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានបំភ្លឺថា ការលើកឡើងរបស់ប្រជាពលរដ្ឋ ចំពោះអាជ្ញាធរ ថា បានឃុំឃិតជាមួយឈ្មួញ ធ្វើការឈូសឆាយដីព្រៃលិចទឹកលក់ នោះជារឿងមិនពិតនោះទេ ព្រោះថា អ្នកដែលបានឈូសឆាយនេះ គឺបានទិញពីប្រជាពលរដ្ឋគ្នាឯង ដោយគ្មានការដឹងលឺពីអាជ្ញាធរនោះឡើយ។
តាមការរៀបរាប់ របស់ លោក ជុំ នីម មេឃុំព្រែករំដេង ពីសាវតានៃប្រវត្តិដី ១កន្លែង ខាងលើនេះ គឺជាកម្មសិទ្ធិរបស់ លោកតា ឌិន ត្រូវជាឪពុក លោក ប៉ាង សុផល កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ក្រោយពីស្លាប់ទៅ ក៏បានផ្ទេរឲ្យកូន កាន់កាប់បន្តរហូតមក។ ក្រោយមកឈ្មោះ ប៉ាង សុផល ក៏បានលក់បន្តទៅឲ្យ ឈ្មោះ ឌី វណ្ណា ដោយអាជ្ញាធរមិនបានដឹងលឺនោះទេ ។ នាពេលថ្មីៗនេះ ម្ចាស់ខាងលើ ក៏ធ្វើការឈូសឆាយបែបនេះ ប៉ុន្តែ ទោះជាយ៉ាងណា មកដល់ពេលនេះ ខាងជំនាញ បានធ្វើការឃ្លុំទុកជាសម្បត្តិរបស់រដ្ឋហើយ ៕