
ក្រុមហ៊ុន China State Railway Group បាននិយាយថា ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់មួយតភ្ជាប់ទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ឡាវ បានចាប់ផ្តើមដំណើរការនៅ ថ្ងៃសុក្រនេះ ។
ផ្លូវដែកប្រវែង ១,០៣៥ គីឡូម៉ែត្រ គឺជាគម្រោងតភ្ជាប់រវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន និងយុទ្ធសាស្ត្ររបស់ឡាវ ដើម្បីបំប្លែងខ្លួនពីប្រទេសដែលគ្មានផ្លូវដែកទៅ ជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវដែក ។
ផ្លូវដែកនេះគឺជាស្តង់ដារបច្ចេកទេសយ៉ាងពេញលេញរបស់ចិន និងមាន ២ ផ្នែក ។ ការសាងសង់ផ្នែកក្នុងប្រទេសឡាវពីទីក្រុងព្រំដែន Boten ទៅ ទីក្រុងវៀងចន្ទន៍បានចាប់ផ្តើមនៅ ខែធ្នូ ឆ្នាំ ២០១៦ ហើយការសាងសង់ផ្នែកផ្លូវដែករបស់ប្រទេសចិនដែលតភ្ជាប់ទីក្រុង Yuxi និងទីក្រុងព្រំដែន Mohan បានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ ២០១៥ ។
ជាមួយនឹងល្បឿនប្រតិបត្តិការអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងដែលកំពុងដំណើរការលើផ្លូវនេះនឹងដឹកអ្នកដំណើរពីទីក្រុង Kunming ទៅ កាន់ទីក្រុងវៀងចន្ទន៍ក្នុងរយៈពេលប្រហែល ១០ ម៉ោង ។
គួរបញ្ជាក់ថា ប្រតិបត្តិការផ្លូវដែកចិន-ឡាវ មានសារសំខាន់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរសេដ្ឋកិច្ច សង្គម និងវប្បធម៌ទ្វេភាគី ហើយត្រូវបានគេរំពឹងថានឹងពន្លឿនការសាងសង់ច្រករបៀងសេដ្ឋកិច្ចចិន-ឡាវ ៕