
បុរសវ័យចំណាស់ម្នាក់ត្រូវបានកូនប្រុសបង្កើតរបស់ខ្លួនយកដែកបំពង់ទីបវាយចំក្បាលជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ករណីឃាតកម្មដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជកូនមានឈ្មោះ និល មន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ និល ហ៊ីម ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតករណីឃាតកម្មនេះ គឺជនសង្ស័យជាមនុស្សសតិមិនគ្រប់(បែកថ្នាំ) និងស្រវឹងស្រា បានយកដែកបំពង់ទីបវាយទៅលើឪពុកជាច្រើនទីប ចំក្បាលពីក្រោយ បណ្តាលអោយបែកផុងលលាដ៍ក្បាលស្លាប់នៅកន្លែង ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងនៅចំណុចព្រៃក្រោយភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នាំមកសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕