
ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ មានប្រវែង ១.៣០០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាប់ពីចំណុចភូមិដូនដុំ ដល់ភូមិបឹងជ្រោយ ស្ថិតនៅក្នុងឃុំសូទិប ស្រុកជើងព្រៃ បានចាប់ផ្ដើមបើកការដ្ឋានស្ថាបនា សាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ មកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកអភិបាលរងខេត្ត និងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង ៣ ព្រមទាំង អាជ្ញាធរមូលដ្ឋាន តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ជាច្រើននាក់ ផងដែរ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ថ្វីត្បិតតែផ្លូវ១ខ្សែ មានប្រវែងនេះខ្លី ក៏ពិតមែន ប៉ុន្តែ វាគឺជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការបំរើដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង ។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្តកំពង់ចាម ដាក់សំណើសុំទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បី បានកសាងផ្លូវនេះឡើង ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រើប្រាស់ ។ ឯកឧត្តមបន្តថា ពេលនេះ ការទន្ទឹង របស់បងប្អូន បានក្លាយជាការពិតហើយ ពីព្រោះថា សម្ដេចតេជោ បានសម្រេចផ្ដល់ផ្លូវ ១ខ្សែ ខាងលើ ដើម្បី បងប្អូនប្រើប្រាស់ហើយ ។ ឯកឧត្ដម មានប្រសាសន៍ថា តាមការគ្រោងទុក គម្រោងស្ថាបនាផ្លូវនេះ នឹងក្រាលនូវកៅស៊ូ មានកម្ពស់ ២ជាន់ រួមជាមួយនឹងការរៀបចំ នូវប្រព័ន្ធលូរំដោះទឹក ជាច្រើនកន្លែង ទៅតាមលក្ខណៈបច្ចេកទេស ក្នុងគោលបំណងធ្វើយ៉ាងណា ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានយូរអង្វែង តទៅអនាគត ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងដែរថា សមិទ្ធផល នាថ្ងៃនេះ កើតឡើងដោយសារលទ្ធផល នៃការបោះឆ្នោត នាឆ្នាំ២០១៨ ជាពិសេស ការផ្ដល់នូវជំនឿទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ជាពិសេស ការគាំទ្រដល់សម្ដេចតេជោ ក្នុងការដឹកនាំប្រទេស ។ ឯកឧត្តម លើកឡើងថា អ្វីៗដែលធើ្វទៅបាន អាស្រ័យ ទៅលើការគាំទ្រ មានការគាំទ្រ គឺមានការអភិវឌ្ឍ ។
យ៉ាងណាមិញ ផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៣ពាន់លានរៀល ក្នុងការស្ថាបនា ដែលថវិកានោះ បានមកពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋយើង ដើម្បី ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែក ក្រៅអំពីការស្ថាបនាផ្លូវនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសន្យានឹងជួយគាំទ្រ ទៅលើផ្នែកកសិកម្ម នៅក្នុងស្រុកជើងព្រៃ លើកិច្ចការជាច្រើនទៀត ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ នៅតែបន្តការគាំទ្រនោះ ។
សូមជម្រាបថា ផ្សាភ្ជាប់ជាមួយនឹងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ១ខ្សែ ខាងលើនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏បានអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាវត្ថុកំដរដៃ និងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋដែលបានចូលរួម ក៏ដូចជា កងកម្លាំងការពារក្នុងមូលដ្ឋាន ខាងលើ ផងដែរ ៕