
នៅព្រឹកថ្ងៃ សុក្រ ទី ៥ ខែ ឧសភា ឆ្នាំ ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានបើកកិច្ចប្រជុំ និងចេញគោលការណ៍៣ចំណុច ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនិងទិញដីធ្លីនិងវិនិយោគជាមួយឧកញ៉ា ជា សារ៉ន ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវជាង៤រយនាក់បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តតាកែវអោយជួយពួកគាត់ដែលចាញ់បោកក្រុមហ៊ុន ជា សារ៉ន នៅខេត្តកំពត ។
ក្រោយពីស្ដាប់ការលើកឡើងនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលចូលរួមប្រមាណជាង៥រយនាក់ដោយស្នើសុំអោយអាជ្ញាធខេត្តតាកែវជួយអន្តរាគមន៍ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានដោះស្រាយបញ្ហាចំនួន៣ចំណុចជូនបងប្អូនប្រជាពលរដ្ឋ។ ទី១ អោយប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងនៅខេត្តកំពតឬដាក់ពាក្យបណ្ដឹងនៅសាលាខេត្តតាកែវ ហើយអាជ្ញាធខេត្តតាកែវនិងជួយអន្តរាគមន៍ទៅខេត្តកំពតអោយជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ ទី២ ករណីបងប្អូនប្រជាពលរដ្ឋខ្ចីលុយធនាគារ គឺអោយក្រុមហ៊ុន ជា សារ៉ន ជាអ្នកទទួលខុសត្រូវក្នុងការបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ និងទី៣ ពាក់ព័ន្អនិងប្លង់ដីរបស់ប្រជាពលរដ្ឋដែលដាក់បញ្ចាំនៅធនាគារគឺអោយក្រុមហ៊ុន ជា សារ៉ន យកអចលនៈទ្រព្យរបស់ខ្លួនដាក់បញ្ចាំនៅធនាគារយកប្រាក់មកលោះប្លង់ជូនបងប្អូនប្រជាពលរដ្ឋវិញ។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៍បានសំណូមពរដល់បុគ្គលិកធនាគារនិងបុគ្គលិកមីក្រូហិរញ្ញវត្ថុទាំងអស់សូមកុំមានការគំរាមកំហែងប្ដឹងផ្ដល់ ឬរឹបអូសផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋដែលខ្ចីលុយពាក់ព័ន្ធទៅនិងក្រុមហ៊ុន ជា សារ៉ន ហើយក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងអន្តរាគមន៍អោយបានទាន់ពេលវេលាក្នុងការជួយបងប្អូនប្រជាពលរដ្ឋបើមានការគំរាមកំហែងណាមួយ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ បងប្អូនប្រជាពលរដ្ឋបានទទួលយកចំពោះដំណោះស្រាយរបស់អាជ្ញាធរខេត្តតាកែវជូនបងប្អូនប្រជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន ជា សារ៉ន៕