
កំពង់ធំ: អ្នកតាមដាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានរកឃើញក្រុមជនល្មើស ដែលបានកាប់បំផ្លាញព្រៃអភិរក្សបរិស្ថានអង់តែន តំបន់អូរអន្ទ្រោក់ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាដែនដីគ្រប់គ្រង់របស់មន្ដ្រីបរិស្ថាន ខេត្តកំពងធំ។
មន្ត្រីជំនាញ បានអោយដឹងថា: សមត្ថកិច្ច បានឃាត់ខ្លួនអ្នកទន្ទ្រានដីព្រៃលិចទឹក ៤នាក់ ប៉ុន្តែមេខ្លោងនៅចាប់មិនទាន់បានមែន តែបានកំណត់មុខសញ្ញា និងអត្តសញ្ញាណរួចអស់ហើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ន និងអ្នកតាមដានបានអោយដឹង នៅថ្ងៃទី២ ខែធ្នូនេះថា: ការកាប់រុករានទន្ទ្រាន បំផ្លាញយកដីព្រៃ នៅចំណុចខាងលើ ច្រើនដល់រាប់សិបហិកតានេះ មានតម្រុយច្បាស់ការណ៍ថា ពាក់ព័ន្ធនឹងបុគ្គល ៤ នាក់ ដូចជាឈ្មោះ ចាន់, ឈ្មោះ អាន, ឈ្មោះ ហួន, ឈ្មោះ ម៉ៅ (អ្នកទាំង៤ មានដីព្រៃប្រមាណ ១០ ហិកតា ) និងច្រើនហិកតាទៀត ពាក់ព័ន្ធនឹងអ្នកផ្សេងទៀត ។
ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃខាងលើនេះ អ្នកស៊ីឈ្នួលកាប់រានព្រៃ ម្នាក់ឈ្មោះ ក្អូន បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានស៊ីឈ្នួលកាប់ព្រៃនេះ អោយឈ្មោះ ចាន់ ដោយបានកម្រៃ ៣ ម៉ឺនរៀល ក្នុង១ថ្ងៃ ។
លោកបានបន្ដថា: អ្នកទាំង៤នាក់ ខាងលើនេះ ជាប់ពាក់ព័ន្ធជាបងប្អូនកូនក្មួយ សាច់ញាតិដន្លងរបស់ឈ្មោះចាន់។
អ្នកស៊ីឈ្នួលកាប់ព្រៃផ្សេងទៀត បាននិយាយថា ឈ្នួលកាប់ព្រៃ តម្លៃ ១លានរៀល ក្នុង១ហិកតា ។ការកាប់នេះ ដោយប្រើឧបករណ៍ ដូចជារណាយន្ដ និងកាំបិត ពូថៅ។
ចំណែកលោក ចាន់ ដែលរងការចោទនោះ បានប្រាប់អ្នកសារព័ត៌មាន តាមទូស័ព្ទថា: លោកឯណា ទៅមានការពាក់ព័ន្ធនឹងការកាប់ព្រៃ ឬមានដីនៅទីនោះ នោះ ? លោកពុំដែលកាប់ព្រៃ សូម្បីតែមួយដើម ឬមួយមែក ។
ប៉ុន្ដែលោកបែរជារបូតមាត់ថា: ឈ្មោះ តាន់ ឈ្មោះ សាន ឈ្មោះ ក្អូន ឯណោះទេ ជាអ្នកកាប់ព្រៃ ហើយឈ្មោះ ម៉ៅ ជាអ្នកបានកាប់យកដីព្រៃរបស់រដ្ឋ (អោយ) លោក។
ករណីនេះ លោក ម៉ុល វណ្ណា នាយរងសង្កាត់រដ្នបាលព្រៃឈើក្រយា ជាមន្ដ្រីអនុវត្តន៍គម្រោងរ៉េតបូក (កិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ ) បានអោយដឹងថា: លោកបានដាក់កម្លាំងច្រើនលើក ច្រើនសារហើយ ដើម្បចុះទប់ស្កាត់ បង្ក្រាបបទល្មើស ប៉ុន្តែចេះតែបែកការណ៍ដោយសារមានអ្នកប្រមោយ ចាំយាមមើលផ្លូវ ។
ទោះយ៉ាងណា ក៏លោកបានអះអាងថា លោកនិងមន្ត្រីបានស៊ើបដឹងថា មានមេខ្លោង ៤ នាក់ដែលជាម្ចាស់ដីនៅក្បែរនោះ។
ឯលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃបានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថា: កម្លាំងលោក បានចាប់ខ្លួនអ្នកកាប់រានព្រៃ (ដៃដល់) បាន ៤ នាក់ហើយ ។
ប៉ុន្តែមេខ្លោង នៅពីក្រោយខ្នង បានគេចខ្លួន មិនទាន់ចាប់បាននៅឡើយ ។ ទោះជាយ៉ាងណាមន្ត្រីជំនាញ បានកំណត់មុខសញ្ញារួចហើយ ។
អ្នកតាមដាន បាននឹងកំពុងបន្តរង់ចាំមើលការចាត់វិធានការលើករណីអ្នក (មេខ្លោងកេណ្ឌឬជួលប្រជាពលរដ្ឋ និងអ្នកស៊ីឈ្នួល ) ពាក់ព័ន្ធដែលឆ្លើយដាក់គ្នា លើករណីការកាប់រានទន្ទ្រានដីព្រៃអភិរក្ស យ៉ាងវិនាសកម្ម ដោយសារមានអ្នកអោយចូលកាប់រាន់ដីព្រៃ នៅតំបន់អភិរក្សបរិស្ថានអង់តែន តំបន់អូរអន្ទ្រោក់នោះ ។