I. លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញា
១.១ ជំនាញវិជ្ជាជីវៈ
ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម ។
អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌព្រមទាំងធានា យកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។
១.២ ការជ្រើសរើស
ការជ្រើសរើស និងការបណ្ដុះបណ្ដាលព្រះរាជអាជ្ញា ត្រូវអនុវត្តរួមគ្នាជាមួយនឹងការបណ្ដុះបណ្ដាលចៅក្រម ។
យោងតាមគោលការណ៍ណែនាំស្ដីពី តួនាទីរបស់ព្រះរាជអាជ្ញា រដ្ឋត្រូវធានាថា បុគ្គលដែលត្រូវបានជ្រើសរើសឱ្យធ្វើជាព្រះរាជអាជ្ញាត្រូវតែ ជាបុគ្គលដែលមានសុចរិត មានសមត្ថភាពមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានគុណសម្បត្តិ ។
១.៣ ការបណ្ដុះបណ្ដាល
ដូចគ្នាជាមួយនឹងចៅក្រមដែរមុននឹងក្លាយជាព្រះរាជអាជ្ញា គឺត្រូវបណ្ដុះបណ្ដាលបឋមខាងវិជ្ជាជីវៈ ដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។
១.៤ ការតែងតាំង
សិស្សព្រះរាជអាជ្ញា ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែង តាំងដោយព្រះរាជក្រឹត្យជាព្រះរាជអាជ្ញាកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌព្រះរាជអាជ្ញា និងមានឋានន្ដរសក្តិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ។
II. រចនាសម្ព័ន្ទ
ព្រះរាជអាជ្ញាអមសាលាដំបូង មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញារង
អមសាលាដំបូងទាំងអស់មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា ឬអនុព្រះរាជអាជ្ញាឡើងទៅ។
នៅអមសាលាដំបូងរាជធានីខេត្ត ត្រូវមានអង្គការអយ្យការមួយ ហៅថា “អយ្យការអមសាលាដំបូង” ។ អយ្យការអមសាលាដំបូង ត្រូវដឹកនាំដោយព្រះរាជអាជ្ញា ១រូប និងអមដោយព្រះរាជអាជ្ញារងមួយចំនួនតាមការចាំបាច់។ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង ជាតំណាងអយ្យការអមសាលាដំបូងដែលខ្លួនបំពេញការងារ។
សមាសភាពអយ្យការអមសាលាដំបូងមាន៖
-ព្រះរាជអាជ្ញា
-ព្រះរាជអាជ្ញារង
-ក្រឡាបញ្ជី
-មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។
២.១ ការគ្រប់គ្រង
ចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមដែលរួមមាន ៖
-រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការ ហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់ ។
អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ជាសេនាធិការឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លើកិច្ចការនេះ។
-អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល គឺជានាយឋានានុក្រមនៃមហាអយ្យការអមតុលាការកំពូល
-ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញាដែលជានាយឋានានុក្រមរបស់ខ្លួន។
-អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ គឺជានាយឋានានុក្រមនៃមហាអយ្យការអមសាលាឧទ្ធរណ៍
-ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។
-ព្រះរាជអាជ្ញាអមសាលាដំបូង គឺជានាយឋានានុក្រមនៃអយ្យការអមសាលាដំបូង។ ព្រះរាជអាជ្ញាទាំងអស់នៃអយ្យការអមសាលាដំបូង ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់ព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។
២.២ ហិរញ្ញវត្ថុ
សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
III. តួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង
៣.១ ទទួលពាក្យបណ្ដឹង
ព្រះរាជអាជ្ញា ទទួលបណ្ដឹងទាមទារ ឬបរិហារ ពី៖
-នគរបាលយុត្តិធម៌
-ជនរងគ្រោះ
ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្ដឹង និងពាក្យបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្ដីនគរបាលយុត្តិធម៌បញ្ជូនមក ។
៣.២ បើកការស៊ើបសួរ
នៅពេលព្រះរាជអាជ្ញា ទទួលពាក្យបណ្ដឹងទាមទារ ឬបណ្ដឹងបរិហារ ដែលខ្លួនបានទទួលតាមរយៈមន្រ្ដីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាត្រូវចុះ ឬបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាមួយឱ្យចុះពាក្យបណ្ដឹងក្នុងបញ្ជីនៃពាក្យបណ្ដឹងជាបន្ទាន់ ទោះជាបទល្មើសជាក់ស្ដែងក្ដីឬមិនជាក់ស្ដែងក្ដី វាខុសគ្នាត្រង់ថា មានខ្លួនជនជាប់សង្ស័យ ឬគ្មាន ។
បើសិនជាបទល្មើសជាក់ស្ដែងមានខ្លួនជនជាប់សង្ស័យព្រះរាជអាជ្ញាអាចសួរចម្លើយបាន ដោយគាត់អាចបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាម្នាក់ សួរនាំយកចម្លើយជំនួសខ្លួន ហើយព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដោយចុះលេខពិសេស ហើយបញ្ជូនទៅប្រធានតុលាការ ដើម្បីចាត់ចៅក្រមស៊ើបសួរ ។
បើសិនគ្មានជនជាប់សង្ស័យទេ ក្រោយពីទទួលសំណុំរឿងពីមន្រ្ដីនគរបាលយុត្តិធម៌មកនោះ ព្រះរាជអាជ្ញា ត្រូវធ្វើការស៊ើបសង្គេតបឋមរកវិមតិសង្ស័យតទៅទៀតនូវតម្រុយចំណុចត្រង់ណាដែសង្ស័យ ដើម្បីធ្វើការចោទប្រកាន់ដោយសាកសួរ ដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះ ឬសាក្សី ។
ការផ្ដើមចោទប្រកាន់មិនទាន់ស្ថាពរទេ ហើយធ្វើការផ្ដើមចោទប្រកាន់ដោយតម្រុយទៅចៅក្រមស៊ើបសួរ ។ កាលណាបានដឹងអំពីអំពើដែលអាចជាបទឧក្រិដ្ឋ បទជ្ឈឹម ឬបទលហុ មន្រ្ដីនគរបាលយុត្តិធម៌ អាចធ្វើការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា។
IV. អំណាច
៤.១ ការតម្កល់រឿងទុកឥតចាត់ការ
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា អំពើដែលគេប្ដឹងមកមិនមែនជាបទល្មើសព្រហ្មទណ្ឌ ឬគ្មានភស្ដុតាងណាមួយឱ្យជឿថា ពិតជាមានបទល្មើសកើតឡើងមែននោះ មានន័យថា អំពើប្រព្រឹត្តមិនមែនជាបទឧក្រឹដ្ឋ បទមជ្ឈិម ឬបទលហុ ដែលច្បាប់កំណត់ផ្ដន្ទាទោស ឬក៏គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់ ឬគ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទដូច្នេះព្រះរាជអាជ្ញានឹងចេញដីកាតម្កល់រឿងទុកឥតចាត់ការ ដោយមានសំអាងច្បាប់ និងសំអាងហេតុ។ ទោះជាយ៉ាងណាក្ដី សេចក្ដីសម្រេចនេះពុំមានអាជ្ញាអស់ជំនុំទេដោយព្រះរាជអាជ្ញា អាចរើកែប្រែសេចក្ដីសម្រេចរបស់ខ្លួនវិញ នៅពេលដែលបណ្ដឹងអាជ្ញាមិនទានរលត់។
សូមបញ្ជាក់ថាផងដែថា ព្រះរាជអាជ្ញា អាចធ្វើការរំលត់បណ្ដឹងអាជ្ញាបានដែរ ក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ ៖
-មរណភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-អាជ្ញាអស់ជំនុំ។
៤.២ សេចក្ដីសម្រេចក្នុងការចោទប្រកាន់
នៅពេលដែលមានភស្ដុតាងធួនល្មមអាចជឿបានថា ជនសង្ស័យអាចនឹងប្រព្រឹត្តអំពើដែលគេប្ដឹងមកនោះមែន ព្រះរាជអាជ្ញានឹងចាប់ផ្ដើមធ្វើការចោទប្រកាន់។ ដោយឡែកការផ្ដើមចោទប្រកាន់មានច្រើនសណ្ឋានក្នុងករណីមន្រ្ដីរាជការណាម្នាក់ត្រូវបានតុលាការចោទប្រកាន់ព្រះរាជអាជ្ញាត្រូវជូនដំណឹងអំពីការចោទប្រកាន់នោះទៅប្រធានស្ថាប័នសាមីក្នុងរយៈពេល៧២ម៉ោងយ៉ាងយូ។
ទាក់ទងទៅនឹងអនីតិជនដែលជាជនជាប់សង្ស័យ សេចក្ដីណែនាំអំពីការអនុវត្តន៍គោលការណ៍នានាក្នុងច្បាប់ជាតិ និងអន្ដរជាតិដែលកំពុងនៅជាធរមានទាក់ទងនឹងយុត្តិធម៌អនីតិជនចេញដោយរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ បានកំណត់ថា “ប្រសិនបើមានភាពមិនច្បាស់លាស់អំពីអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ ព្រះរាជអាជ្ញាគប្បីធ្វើការស៊ើបអង្គេតបន្ថែមដើម្បីស្វែងរកការពិតនៃអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ “។
ក-បើកការស៊ើបសួរ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ពោលគឺ៖
-សេចក្ដីសង្ខេបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន (ក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់
-ជនជាប់ចោទជានីតិជន
-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។
ខ-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ក្នុងករណីនេះ ព្រះរាជអាជ្ញា ចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ហើយការបញ្ជូនទៅជំនុំជម្រះផ្ទាល់នេះអាចធ្វើបានតែចំពោះបទល្មើសមជ្ឈិមជាក់ស្ដែង និងបទល្មើសលហុតែប៉ុណ្ណោះ ។
គ-នីតិវិធីបង្ហាញខ្លួនភ្លាម ប្រសិនបើលក្ខខណ្ឌនៃមាត្រ ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានបំពេញ ព្រះរាជអាជ្ញាអាចប្រើប្រាស់នីតិវិធីនេះបាន ដោយគ្រាន់តែធ្វើកំណត់ហេតុប៉ុណ្ណោះ ពុំមានចេញដីកាសន្និដ្ឋានអ្វីទេ ។ លក្ខខណ្ឌដែលអាចឱ្យប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភ្លាមបាន មានដូចជា
-បទមជ្ឈិមជាក់ស្ដែង
-បទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិ១ឆ្នាំ និងយ៉ាងច្រើន៥ឆ្នាំ ។
ហេតុនេះប្រសិនបើជនល្មើសត្រូវចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នីតិវិធីនៃការបង្ហាញខ្លួនភ្លាមមិនអាចយកមកប្រើបានឡើយ ។
-ជនជាប់ចោទជានីតិជន
-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមអាចជំនុំជម្រះបាន ។
V. មុខងារអង្គការអយ្យការ
៥.១ មុខងាររបស់អយ្យការនៅក្នុងរឿងព្រហ្មទណ្ឌ
យោងតាមមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា” ។
យោងមាត្រា ៥កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣ បានចែងថាក្នុងរឿងព្រហ្មទណ្ឌក្រុមអយ្យការជាម្ចាស់នៃបណ្ដឹងអាជ្ញា និងធ្វើការសន្និដ្ឋានទោសដោយតាំងខ្លួនជាគូក្ដីដើមជាដរាប។
យោងមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ បានចែងបន្ថែមទៀតថា បណ្ដឹងអាជ្ញា ត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌដើម្បីការពារ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម តាមរយៈការចោទប្រកាន់ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់។
យោងមាត្រា ៨ កថាខណ្ឌ ៤ នៃសេចក្ដីព្រាងច្បាប់រៀបចំអង្គការតុលាការ និងមាត្រា ២៧ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានចែងបញ្ជាក់ថា ព្រះរាជអាជ្ញាត្រូវតែមានវត្តមាននៅគ្រប់សវនាការទាំងអស់នៃរឿងក្ដីព្រហ្មទណ្ឌ ដែលក្នុងរឿងក្ដីព្រហ្មទណ្ឌនេះព្រះរាជអាជ្ញាជាអ្នកប្ដឹងទៅតុលាការ ហើយត្រូវតែបង្ហាញឱ្យបានច្បាស់នូវអ្វីដែលខ្លួនបានចោទប្រកាន់។ ក្នុងពេលជំនុំជម្រះតំណាងអយ្យការត្រូវចូលរួម ជាចំបាច់ បើពុំដូច្នោះទេ តុលាការមិនអាចធ្វើការជំនុំជម្រះ ឬកាត់ទោសជនល្មើសបានឡើយ ។ ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យមានការអនុវត្តន៍ច្បាប់ ហើយព្រះរាជអាជ្ញា ក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌ និងសិទ្ធិធ្វើបណ្ដឹងអាជ្ញា សិទ្ធិអំណាចធ្វើការស៊ើបអង្គេតបឋមក្នុងករណីកើតមានបទល្មើស ឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្ដែង អំណាចធ្វើការចាប់ខ្លួន ការឃាត់ខ្លួន ចោទប្រកាន់ និងសិទ្ធិអំណាចច្រើនទៀតដែលច្បាប់បានផ្ដល់ឱ្យ ។
៥.២ មុខងារនៅក្នុងការអនុវត្តន៍សាលក្រម
សាលក្រមចូលជាស្ថាពរ គឺមានន័យថាផុតរយៈពេលប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ហើយគឺមិនអាចធ្វើការកែប្រែបានឡើយ សូម្បីតែព្រះរាជអាជ្ញា ហើយតុលាការសាមីដែលចេញសាលក្រមនោះក៏មិនអាចកែប្រែសេចក្ដីសម្រេចរបស់ខ្លួនបានដែរ។
ចំពោះសាលក្រមព្រហ្មទណ្ឌ ដែលចូលជាស្ថាពរហើយតម្រូវឱ្យមានការដាក់ទោសជនសង្ស័យ ឬជនត្រូវចោទទោះបីមិនមានការស្នើសុំពីភាគីដើមបណ្ដឹង ក៏ព្រះរាជអាជ្ញាត្រវអនុវត្តភ្លាមដែរព្រោះគាត់ជាដើមបណ្ដឹងអាជ្ញា។
ការចុះអនុវត្តសាលក្រមនេះ ត្រូចបែងចែកជាពីរផ្នែក គឺ៖
ក-សាលក្រមស្ថាពរចំពោះមុខ
ព្រះរាជអាជ្ញា ជាអ្នកអនុវត្តសាលក្រមដោយក្នុងករណីចាំបាច់ ព្រះរាចអាជ្ញា អាចកេណ្ឌកម្លាំងសាធារណៈបាន បើសាលក្រមស្ថាពរសម្រេចត្រូវផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ដូច្នេះព្រះរាជអាជ្ញា ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទដាក់ពន្ធនាគារតាមអំណាចរបស់សាលក្រម ។
ចំណាំ
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមចំពោះមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមចំពោះមុខ
ខ-សាលក្រមកំបាំងមុខ
សាលក្រមកំបាំមុខក៏ជាអំណាចរបស់ព្រះរាជអាជ្ញាផងដែរ ក្នុងការអនុវត្តន៍សាលក្រមនេះ
ហើយការអនុវត្តន៍សាលក្រមនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការអនុវត្តន៍សាលក្រមចំពោះមុខដែរ។ បន្ទាប់ពីទទួលសម្រង់សាលក្រមព្រហ្មទណ្ឌរួចមក ក្រឡាបញ្ជីត្រូវចុះហត្ថលេខាទទួលយកសម្រង់សាលក្រមនេះ ប្រសិនបើត្រូវផ្ដន្ទាទោសឱ្យដាក់ពន្ធនាគារនោះជាមួយសម្រង់សាលក្រមរបស់ចៅក្រមជំនុំជម្រះមកដាក់ពន្ធនាគារតាមសាលក្រម ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលគ្រប់ទីកន្លែងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស។
ចំណាំ
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមកំបាំងមុខ
ជំពូកទី២
តួនាទី និងភារកិច្ចរបស់ចៅក្រមស៊ើបសួរ
I. លក្ខណៈសម្បត្តិរបស់ចៅក្រម
១.១ ជំនាញវិជ្ជាជីវៈ
ចៅក្រម គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការច្បាប់នៅតាមសាលាជម្រះក្ដី ។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី ដែលចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។
នៅក្នុងអាជីបរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា ក៏អាចត្រូវតែងតាំងជាចៅក្រមវិញបានដែរ។
១.២ ការជ្រើសរើស
បុគ្គលដែលត្រូវការជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រមត្រូវតែជាអ្នកមានសមត្ថភាព និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ បើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម ចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
-ត្រូវមានសញ្ជាតិខ្មែរពីកំណើត
-មានអាយុ៣៥ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ៤០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្រ្ដីរាជការ គិតដល់ថ្ងៃប្រឡង
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
-ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
ការជ្រើសរើសបញ្ជូលក្នុងក្របខណ្ឌចៅក្រម ក៏អាចធ្វើឡើងតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្ដីរាជការ និងក្រឡាបញ្ជី ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌យ៉ាងតិច ៥ឆ្នាំ
-មានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង។
ចំពោះមេធាវី ក៏អាចប្រឡងចូលក្របខណ្ឌនេះបានដែរតោយត្រូវគោរពតាមគោលការណ៍ទាំង ៣ ចំណុច ខាងលើនេះ ។
១.៣ ការបណ្ដុះបណ្ដាល
សាលាភូមិន្ទចៅក្រមជ្រើសរើស និងធានារ៉ាបរង ការបណ្ដុះបណ្ដាលវិជ្ជាជីវៈចៅក្រម ការបណ្ដុះបណ្ដាលបន្ដ និងវិក្រឹត្យការ ចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបំពេញការងារនៅតាមសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។ សិស្សចៅក្រមទទួលការបណ្ដុះបណ្ដាលដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។
១.៤ ការតែងតាំង
សិស្សចៅក្រម ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុចៅក្រមថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម និងមានឋានន្ដរសក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។
II. រចនាសម្ព័ន្ធ
សាលាដំបូងគឺជាសាលាជម្រះក្ដីថ្នាក់ទីមួយ ដែលត្រូវបង្កើតឡើងឱ្យមាននៅគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។
ការដាក់ឱ្យដំណើការសាលាដំបូងនានា ត្រូវធ្វើឡើយដោយព្រះរាជក្រឹត្យ សាលាដំបូង ត្រូវបែងចែកជាតុលាការជំនាញ ហើយក៏ជាសាលាជម្រះក្ដីទូរទៅដែលមានសមត្ថកិច្ចជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់ លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស ឬសាលាជម្រះក្ដីវិសមញ្ញដែលបង្កើតឡើងដោយច្បាប់ដោយឡែក។
សមាសភាពសាលាដំបូងរូមមាន ៖
-ប្រធាន
-អនុប្រធាន
-ចៅក្រម
-ក្រឡាបញ្ជី
-មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។
v សាលាដំបូងនីមួយៗ បែងចែកជាតុលាការជំនាញ ដូចខាងក្រោម ៖
-តុលាការរដ្ឋប្បវេណី
-តុលាការព្រហ្មទណ្ឌ
-តុលាការពាណិជ្ជកម្ម
-តុលាការការងារ
-តុលាការបរិស្ថាន
v តុលាការជំនាញផ្សេងទៀតរបស់សាលាដំបូង ចេញសេចក្ដីសម្រេចរបស់ខ្លួនប្រកបដោយស្វ័យភាពក្នុងដែលសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមសាលាដំបូងដែលតុលាការជំនាញនោះស្ថិតនៅ។
សមាសភាពតុលាការជំនាញនីមួយៗរួមមាន៖
-ប្រធានតុលាករ
-ចៅក្រម
-ក្រឡាបញ្ជី
២.១ ការគ្រប់គ្រងរដ្ឋបាល
នៅសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់មានអង្គភាពរដ្ឋបាលមួយស្ថិតនៅក្រោមរដ្ឋបាលកណ្ដាលរបស់ក្រសួងយុត្តិធម៌សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់អង្គការតុលាការ និងអង្គការអយ្យការ ។ នៅថ្នាក់សាលាដំបូង អង្គភាពរដ្ឋបាលនេះហៅហាថា “លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង” មានថ្នាក់ស្មើនឹងនាយកដ្ឋាន ។
២.២ ហិរញ្ញវត្ថុ
សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
III. ចៅក្រមស៊បសួរ
៣.១ សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ
ចៅក្រមដែលមានសមត្ថកិច្ចគឺ
-ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស
-ចៅក្រមស៊ើបសួរនាលំនៅដ្ឋាន ឬ ទីសំណាក់របស់បុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទមើស
-ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស
IV. តួនាទីរបស់ចៅក្រមស៊ើបសួរ
៤.១ ទទួលពាក្យបណ្ដឹង
ចៅក្រមស៊ើបសួរ ទទួលពាក្យបណ្ដឹងអំពីអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ។
៤.២ បើកការស៊ើបសួរ
ចៅក្រមស៊ើបសួរ ត្រូវស៊ើបសួរតែអង្គហេតុតែប៉ុណ្ណោះ ប្រសិនបើលេចអង្គហេតុថ្មី ដែលអាចជាបទល្មើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេតុថ្មីនោះទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរអំពីអង្គហេតុថ្មីនោះតាម ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម បើគ្មានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ចៅក្រមស៊ើបសួរគ្មានសិទ្ធិអំណាចស៊ើបសួរអំពីអង្គហេតុថ្មីនោះបានឡើយ ។ ប៉ុន្ដែចៅក្រមស៊ើបសួរ មិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ប្រសិនបើអង្គហេតុថ្មីនោះជាស្ថានទម្ងន់ទៅលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង។
ចៅក្រមស៊ើបសួរ អាចសុំឱ្យចៅក្រមផ្សេង ឬមន្រ្ដីនគរបាលយុត្តិធម៌ ឬអង្គភាពនគរបាលយុត្តិធម៌បំពេញកិច្ចខ្លះ តាមដីកាចាត់ឱ្យស៊ើបសួរជំនួស ។
ចៅក្រមស៊ើបសួរ អាចចុះទៅដល់ទីកន្លែងជាមួយក្រឡាបញ្ជីរបស់ខ្លួននៅលើវិសាលភាពសមត្ថកិច្ចដែលដីនៃតុលាការជាន់ដំបូង ដើម្បីបំពេញកិច្ចស៊ើបសួរដែលខ្លួនយល់ថាមានប្រយោជន៍ ជាអាទិ៍ ការពិនិត្យសម្ភារៈ ការឆែកឆេរ និងការចាប់យកវត្ថុតាង តែចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការចុះទៅពិនិត្យនោះ ក្នុងករណីនោះ ព្រះរាជអាជ្ញាអាចចុះទៅជាមួយចៅក្រមស៊ើបសួរនោះ។
ក- ដីកាដំណោះស្រាយ
សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ គឺគេចង់សំដៅទៅលើសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរដែលត្រូវបានគេឱ្យឈ្មោះថា “សេចក្ដីសម្រេច” វាជាការសម្រេចសេចក្ដីដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បានចៅក្រមស៊ើបសួរបិតការស៊ើបសួរតាមដីកាដំណោះស្រាយ ដីកានេះអាចជាដីការបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។
ក-កាលលើកលែងចោទប្រកាន់
ចៅក្រមស៊ើបសួរ ចេញដីការលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ៖
-អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ
-ជនប្រព្រឹត្តអំពើនោះនៅតែមិនស្គាល់
-គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រន់លើជនត្រូវចោទ។
ករណីនេះចៅក្រមស៊ើបសួរ មិនអាចដោះលែងជននោះភ្លាមបានទេ លុះត្រាតែផុតររយៈពេលប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា ដែលមានរយៈពេល១ខែ គិតពីពេលប្រកាសដីកា សម្រាប់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និង៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងពីដីកាសម្រាប់អគ្គព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងជនដែលសុំឱ្យប្រគល់វត្ថុចាប់យកឱ្យខ្លួនវិញ ។
ខ-បញ្ជូនទៅជំនុំជម្រះ
ប្រសិនបើយល់ឃើញថា អំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ ការបញ្ជូនជនត្រូវចោទទៅតុលាការជំនុំជម្រះនេះធ្វើឡើយតាមរយៈ “ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ” ដោយដីកានេះត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់។
ដីកានេះ ត្រូវជូនដំណឹងក្នុងរយៈពេលខ្លីបំផុតដល់ ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី។
ជំពូកទី៣
តួនាទី និងភារកិច្ចរបស់ចៅក្រមជំនុំជម្រះ
I. ចៅក្រមជំនុំជម្រះ
១.១ សមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ
តុលាការដែលមានសមត្ថកិច្ចខាងដែនដី គឺ៖
-តុលាការនាកន្លែងបទល្មើស
-តុលាការនាលំនៅឋានរបស់ជនជាប់ចោទ
-តុលាការនាទីកន្លែងចាប់ខ្លួនជនជាប់ចោទ។
ក្នុងករណីដែលមានតុលាការ ពីរ ឬច្រើន ដែលស្ថិតនៅក្នុងមណ្ឌលនៃសាលាឧទ្ធរណ៍តែមួយបានទទួលពាក្យបណ្ដឹងលើសំណុំរឿងតែមួយដូចគ្នា ប្រធានសាលាឧទ្ធរណ៍ចាត់តាំងតុលាការដែលនឹងត្រូវទទួលបន្ទុកលើសំណុំរឿង។
វិវាទដែនដីរវាងតុលាការច្រើនដែលមានថ្នាក់ស្មើគ្នា ត្រូវសម្រេចដោយប្រធានតុលាការជាន់ខ្ពស់ដោយការសម្រេចនេះបិតផ្លូវតវ៉ា។
II. តូនាទីរបស់ចៅក្រមជំនុំជម្រះ
២.១ ទទួលពាក្យបណ្ដឹង
យោងតាមមាត្រ ២៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ចែងថាក្នុងរឿងក្ដីព្រហ្មទណ្ឌ សាលាដំបូងត្រូវទទួលបណ្ដឹងដោយ៖
-ដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ
-ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា
-កំណត់ហេតុស្ដីពីការចូលបង្ហាញខ្លួនភ្លាមដែលធ្វើដោយព្រះរាជអាជ្ញា។
នៅពេលដែលពាក្យបណ្ដឹងត្រូវបានដាក់ហើយ ប្រធានតុលាការ ត្រូវធ្វើកំណត់កាលបរិច្ឆេទនៃសវនាការ ។
២.២ សវនាការ
សាលាដំបូងជំនុំជម្រះបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ។ សាលាដំបូងសម្រេចជាក្រុមសមូហភាពដែលមានចៅក្រម៣រូប ចំពោះបទឧក្រិដ្ឋ ព្រមទាំងបទមជ្ឈិម និងបទលហុ ដែលជាប់ទាក់ទង សាលាដំបូងក៏អាចសម្រេចជាចៅក្រមទោលបានដែរ ចំពោះបទមជ្ឈិម និងបទលហុ។
មានតែសាលាជម្រះក្ដីតែប៉ុណ្ណោះទើបមានសិទ្ធិអំណាចកាត់សេចក្ដី និងប្រកាសសេចក្ដីសម្រេចរបស់តុលាការបាន ។ ចៅក្រម គឺជាបុគ្គលតែមួយគត់ដែលមានសិទ្ធិអំណាចក្នុងការជម្រះក្ដីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាសង្គមជាតិ។រាល់ការជម្រះក្ដីរបស់ចៅក្រមត្រូវធ្វើក្នុងនាមប្រជារាស្រ្ដខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ដោយត្រូវគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។
ការពិភាក្សាដេញដោលប្រព្រឹត្តទៅនៅពេលសវនាការជាសាធារណៈ ប៉ុន្ដែប្រសិនបើតុលាការយល់ឃើញថា ភាពជាសាធារណៈនាំឱ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬដល់ទំនៀមទម្លាប់ តុលាការអាចបង្គាប់ឱ្យធ្វើការពិភាក្សាដេញដោលជាសម្ងាត់ទាំងស្រុង ឬមួយផ្នែកបានតាមសេចក្ដីសម្រេចដោយសំអាងហេតុ។
២.៣ សេចក្ដីសម្រេចរបស់តុលាការ
សេចក្ដីសម្រេចរបស់តុលាការជាន់ទាប់តូ្រវបានគេឱ្យឈ្មោះថា “សាលក្រម” ។
សាលក្រម គឺជាការសម្រេចសេចក្ដីដែលតុលាការធ្វើលិខិតសាលក្រមដែលមានលក្ខណៈ
គ្រប់គ្រាន់ទៅតាមទម្រង់ដែលច្បាប់បានកំណត់ ហើយកើតមានអានុភាពដោយសារការប្រកាសដោយផ្អែកលើលិខិតសាលក្រមនេះ ។ គ្រប់សាលក្រម ត្រូវតែប្រកាសនៅពេលសវនាការសាធារណៈ ផ្នែកនៃសេចក្ដីសម្រេចត្រូវអានឱ្យខ្លាំងៗដោយប្រធានសវនាការ ។
ចំពោះការប្រកាសអំពីពិរុទ្ធភាពតុលាកាត្រូវពិនិត្យមើល ៖
-តើអំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ
-ជនជាប់ចោទបានប្រព្រឹត្តអំពើដែលចោទប្រកាន់លើខ្លួន ឬទេ?
ប្រសិនបើពិនិត្យឃើញពិរុទ្ធភាពលើជនជាប់ចោទ តុលាការប្រកាសផ្ដន្ទាទោសតាមច្បាប់បញ្ញត្តិ ។ បើសិនតុលាការយល់ឃើញថាអំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ ជនជាប់ចោទនោះត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ។
សាលក្រមអាចត្រូវបែងចែកជា ៣ប្រភេទ គឺ៖
-សាលក្រមចំពោះមុខ ៖ ប្រសិនបើជនជាប់ចោទចូលមកបង្ហាញខ្លួននៅពេលសវនាការនោះសាលក្រមជាសាលក្រមចំពោះមុខជនជាប់ចោទ ។
-សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ប៉ុន្ដែសាមីខ្លួនបានដឹងអំពីការបញ្ជូនខ្លួនទៅជំនុំជម្រះផ្ទាល់ ឬបានដឹងពីការកោះហៅហើយនោះ សាលក្រមចាត់ទុកថា ជាសាលក្រមចំពោះមុខជនជាប់ចោទ ។
-សាលក្រមកំបាំងមុខ ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ហើយគ្មានភស្ដុតាងបង្ហាញឱ្យឃើញថា សាមីខ្លួនបានដឹងពីការបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ សាលក្រមនោះត្រូវបានប្រកាសកំបាំងមុខជនជាប់ចោទ។
III. បណ្ដឹងទាស់អំពីសាលក្រម
សាលក្រមព្រហ្មទណ្ឌ អាចត្រូវប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ដោយភាគីបាន ។
៣.១ បណ្ដឹងទាស់
ក្រោយពីសាលក្រម ត្រូវបានប្រកាស ភាគីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ មានពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី អាចប្ដឹងទាស់ក្នុងករណីដែលសាលក្រមនោះត្រូវបានសម្រេចដោយកំបាំងមុខខ្លួនបាន ។
៣.២ បណ្ដឹងឧទ្ធរណ៍
ជនដែលអាចប្ដឹងឧទ្ធរណ៍បាន គឺព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។
៣.៣ អានុភាពនៃសាលក្រមចូលជាស្ថាពរ
នៅពេលដែលផុតរយៈពេលប្ដឹងឧប្រាស្រ័យដែលបានកំណត់ដោយច្បាប់នោះសាលក្រមនឹងចូលជាស្ថាពរ ហើយមានអានុភាពដូចខាងក្រោម៖
ក-ការបិតផ្លូវតវ៉ា ៖ ក្រោយពេលចូលជាសាលក្រមស្ថាពរ ភាគីនៃរឿងក្ដីនោះមិនអាចធ្វើការប្ដឹងឧប្រាស្រ័យនឹងសាលក្រមនោះជាថ្មីម្ដងទៀតឡើយ លើកលែងតែបណ្ដឹងសើរើក្នុងករណីពិសេសមួយ។
ខ-អានុភាពអនុវត្ត ៖ សាលក្រមដែលបានចូលជាស្ថាពររួចហើយ មានន័យថា សាលក្រមនោះមានអានុភាពអនុវត្តដោយព្រះរាជអាជ្ញា ត្រូវចាប់ផ្ដើមអនុវត្តទៅតាមអំណាចនៃសាលក្រមនោះជាដាច់ខាត ។
គ- អាជ្ញាអស់ជំនុំ ៖ នៅពេលសាលក្រមចូលជាស្ថាពរហើយ អានុភាពនៃអាជ្ញាអស់ជំនុំត្រូវកើតឡើង ។