
បើតាមមតិមួយចំនួនមានការលើកឡើងថា តាមពិតការញ៉ាំខូឡាជែនមិនអាចជួយឲ្យស្បែកសនោះទេ ហើយនៅមានកត្តាច្រើនទៀតដែលនារីជាច្រើនយល់ច្រឡំ។
១. ពាក់អាវដៃវែងរាល់ថ្ងៃគឺគ្រប់គ្រាន់ហើយ: នារីជាច្រើនតែងយល់ថា ឲ្យតែពេលចេញទៅក្រៅពាក់អាវដៃវែង ខោជើងវែង ពាក់មួកកុំឲ្យត្រូវកម្តៅគឺជួយឲ្យស្បែកមិនខ្មៅបានហើយ។ យ៉ាងណាក្តី ការគិតនេះមិនត្រឹមត្រូវទេ ព្រោះថាបរិវេណស្បែកដូចជា ក មុខ ម្រាមដៃ ជាដើមនៅតែត្រូវកម្តៅថ្ងៃ ហេតុនេះហើយលោកអ្នកគួរតែលាបឡេការពារកម្តៅថ្ងៃដើម្បីជួយស្បែកទប់ទល់នឹងពន្លឺ UV ព្រះអាទិត្យ។
២. មិនបាច់ខ្វល់ពីកម្តៅព្រះអាទិត្យទេ ព្រោះលាបឡេការពារកម្តៅថ្ងៃរួចហើយ:
តាមពិតទៅ ការលាបឡេការពារកម្តៅថ្ងៃ គឺជាវិធីមួយដើម្បីជួយស្បែកទប់ទល់ពីការខ្លោចខ្មៅនៃកម្ដៅ UV ព្រះអាទិត្យ តែមិនមែនមានន័យថា ត្រឹមតែលាបឡេការពារកម្តៅថ្ងៃអាចធ្វើឲ្យស្បែករបស់លោកអ្នកចៀសផុត100% ពីកម្តៅដែលចាំងមកលើស្បែកនោះទេ។ ហេតុនេះ អ្នកត្រូវជ្រកក្រោមម្លប់ ឬកន្លែងណាមួយដែលអាចបិទបាំងកម្តៅថ្ងៃបាន ទើបធ្វើឲ្យស្បែកមិនត្រូវខូចបំផ្លាញដោយកាំរស្មី uV បាន។
៣. ស្រ្កាប់ស្បែកញឹកញាប់ដើម្បីទទួលបានស្បែក ស: វិធីសាស្រ្តដ៏ពេញនិយមបំផុតរបស់នារីសម័យនេះគឺស្រ្កាប់ស្បែក ព្រោះវាជួយជម្រុះកោសិកាចាស់ ជួយធ្វើឲ្យស្បែកទន់ និងភ្លឺថ្លា។ ហេតុនេះហើយទើបធ្វើឲ្យគេយល់ច្រលំថា បើកាន់តែស្រ្កាប់ ស្បែកកាន់តែសមិនខាន។ តែតាមពិតមិនអញ្ចឹងទេ ព្រោះនឹងធ្វើឲ្យស្បែករបស់លោកអ្នកងាយរងការឈឺចាប់ពេលត្រូវកម្តៅព្រះអាទិត្យ ឬស្បែកងាយរងប្រតិកម្ម ក្រហមឬរលាកជាដើម។ ហេតុនេះ លោកអ្នកគប្បីស្រ្កាប់ត្រឹម ២-៣ ក្នុងមួយសប្តាហ៍បានហើយ ។
៤. ក្រោយងូតទឹករួច មិនបាច់លាបឡេចិញ្ចឹមស្បែកទេ: នារីជាច្រើនក្រោយងូតទឹករួច តែងតែអង្គុយចុចទូរសព្ទដោយភ្លេចគិតថា ស្បែកក្រោយងូតទឹកក្តៅរួច ឬងូតទឹកយូរនឹងបាត់បង់សំណើម។ ហេតុនេះហើយ ៣នាទីក្រោយពីងូតទឹករួច ជាពេលវេលាល្អបំផុតដើម្បីលាបឡេចិញ្ចឹមស្បែក ទាំងរាងកាយនិងមុខ ព្រោះកំឡុងពេលនេះ ស្បែកនឹងទទួលបានការជ្រាបចូលល្អបំផុត។
៥. ប្រើឡេធ្វើឲ្យស្បែកសលឿន: លាបឡេសលឿនរយៈពេល៧ថ្ងៃឃើញប្រសិទ្ធភាព ត្រូវបាននារីជាច្រើនចាប់អារម្មណ៍ ។ ថ្វីដ្បិតវា សក៏ពិតមែន តែអាស្រ័យលើប្រភេទស្បែក និងរបៀបថែទាំស្បែករបស់លោកអ្នកដែរ។ យ៉ាងណាក្តី លទ្ធផលកាន់តែលឿន គ្រោះថ្នាក់អាចនឹងកើតមានច្រើនដែរ ហេតុនេះបើចង់បានស្បែកស គួរជ្រើសរើសវិធីដែលប្រើទៅឃើញលទ្ធផលក្នុងរយៈពេល ៥-៦ ខែ ហើយព្យាយាមលាបឡេការពារកម្តៅថ្ងៃផងដែរ។
៦. គ្រាន់តែគេងនិងញ៉ាំ មិនជួយឲ្យស្បែកសទេ: ដោយសារតែគិតបែបនេះហើយទើបធ្វើឲ្យនារីជាច្រើនមិនសូវចូលគេងមុនពាក់កណ្តាលអាធ្រាត្រ ហើយញ៉ាំអាហារគ្មានជីវជាតិ។ ក្រុមអាហារទាំង៥ ដែលមានទាំងបន្លែផ្លែឈើ ជួយឲ្យស្បែកកាន់តែស្អាត រួមទាំងការផឹកទឹកគ្រប់គ្រាន់ប្រហែល 1.5 លីត្រក្នុងមួយថ្ងៃ នឹងធ្វើឲ្យស្បែកស្អាតពីខាងក្នុងដែរ។ ទន្ទឹមនឹងនេះ ការសម្រាកបានគ្រប់គ្រាន់ក៏ជួយឲ្យអ័រម៉ូននិងរាងកាយរបស់លោកអ្នកធ្វើការបានល្អថែមទៀត។
៧. ចាក់សេរ៉ូម ឬថ្នាំសាច់ស្អាតជួយស្បែកសលឿននិងមានសុវត្ថិភាព: វិធីនេះពិតជាមានប្រសិទ្ធភាពបំផុតព្រោះការចាក់ថ្នាំចូលទៅផ្ទាល់ដល់សសៃវ៉ែន។ យ៉ាងណាក្តី វាក៏មានគុណសម្បត្តិនិងគុណវិបត្តិផងដែរ ក្នុងនោះគុណសម្បត្តិគឺថា ជួយស្បែកឲ្យមើលទៅមានភាពភ្លឺថ្លាជាងមុន កាត់បន្ថយស្នាមជ្រួញ អុជខ្មៅ ស្នាមក្រហមពីការឡើងមុន និងបង្កើនប្រព័ន្ធភាពស៊ាំថែមទៀត។ តែគុណវិបត្តិគឺថា បើលោកអ្នកមានបញ្ហាអាឡែហ្សុី វានឹងក្លាយជាហានិភ័យ ហើយសម្រាប់អ្នកចាក់ថ្នាំសាច់ស្អាត គប្បីមានវិធីថែទាំស្បែកខ្លាំងជាងអ្នកមិនបានចាក់ ដោយសារតែស្បែកងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យហេតុនេះហើយ គេត្រូវការលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ សរុបមក សុវត្ថិភាពឬអត់គឺអាស្រ័យលើការថែទាំរបស់មនុស្សដែលទៅចាក់ រួមទាំងគ្លីនិកនោះថាអាចជឿទុកចិត្តបានដល់កម្រិតណា ហើយបើចង់កាន់តែសុវត្ថិភាពទៀតនោះ គប្បីគួរតែពិគ្រោះជាមួយនិងគ្រូពេទ្យមុនកាន់តែល្អថែមទៀត។
៨. ញ៉ាំខូឡាជែន: តាមពិត ញ៉ាំខូឡាជែនមិនបានជួយឲ្យស្បែកសនោះទេ ព្រោះពេលដែលជ្រាបចូលទៅក្នុងស្បែកវានឹងបាត់បង់។ តែវាអាចជួយជួសជុលផ្នែកដែលបាត់បង់ ជួយស្បែកមិនយារធ្លាក់ ស្បែកស្អាតស្មើគ្នាប៉ុណ្ណោះ ។ ហេតុនេះហើយឈប់យល់ច្រឡំពីការឃោសនារបស់ប្រេនមួយចំនួនទៀតទៅ ។