
អាជីពជាកីឡាករក្រោយប្រើរយៈពេលអស់ ១១ឆ្នាំ សុខផេង បានបង្ហាញសក្ដានុពលខ្លាំងបំផុត គឺអំឡុងឆ្នាំ២០១៥-២០១៨ នៅតំបន់ប្រយុទ្ធ ដោយមានដៃគូសហការពី ចាន់ វឌ្ឍនាកា និងប្រាក់ មុនីឧត្តម។ ប៉ុន្តែនាឆ្នាំបន្ដបន្ទាប់មក ខ្សែបម្រើប្រយុទ្ធរូបនេះ មិនសូវជាបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប៉ុន្មាននោះទេ បើទោះជាប្រជាប្រិយភាព សុខផេង នៅតែបន្ដមានអ្នកគាំទ្រជាច្រើនក្តី។
នេះបើយោងតាមការផ្សាយរបស់ក្លិបវិសាខា លើបណ្ដាញសង្គមហ្វេសប៊ុកវិញ កីឡាករវ័យ ៣១ឆ្នាំនេះ សម្រេចចិត្តព្យួរស្បែកជើងពីទីលានប្រកួត។ ក្នុងសន្និសីទសារព័ត៌មានជាមួយសារព័ត៌មានត្រយ៉ង លោក កែវ សុខផេង បាននិយាយថា ការចូលរួមប្រកួត និងជួយឲ្យក្លិបវិសាខា លើកពានសម្ដេច ហ៊ុន សែន (ថ្នាក់ជាតិ) ៣ឆ្នាំជាប់គ្នា និងការចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ គឺជាការចង់ចាំដល់ល្អបំផុត ក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។
«ក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ដូចជាការប្រកួតជាមួយបឹងកេត នៅឆ្នាំ២០២១ គឺការដែលយើងទទួលបានពានសម្ដេច ហ៊ុន សែន ៣ឆ្នាំជាប់គ្នា គឺជាការចង់ចាំល្អបំផុតក្នុងការជួយក្លិប និងកិត្តិយសសម្រាប់ខ្លួនឯង ផងដែរ។ សម្រាប់ស៊ីហ្គេម នៅហ្វីលីពីន ខ្ញុំពិតជាសប្បាយចិត្ត និងជាប្រវត្តិសាស្ដ្រសម្រាប់ខ្លួនឯង ដែលបានជួយដល់ក្រុមជម្រើសជាតិ ឡើងទៅវគ្គ៤ក្រុម។»។ អតីតខ្សែបម្រើស្លាបឆ្វេងរូបនេះ បាននិយាយដូច្នេះ។
គួរបញ្ជាក់ថា កីឡាកររូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ដែលរាប់បញ្ចូលការប្រកួតក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំផងដែរនោះ បានចំនួន ៥៩លើក និងគ្រាប់បាល់សរុបចំនួន ១៤គ្រាប់៕