
នារីម្នាក់ ខូចចិត្តព្រោះតែសង្សារដែលខ្លួនស្រឡាញ់ជាង ១ ឆ្នាំទៅហើយ បែរជាទៅរៀបការនឹងនាក់ថ្មីធ្វើឲ្យនាងខូចចិត្តជិះម៉ូតូឡើងលើស្ពានជ្រោយចង្វា ប្រុងនឹងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អបានប្រជាពលរដ្ឋចាប់ឃាត់ទាន់ពេល។
ហេតុការណ៍នោះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីរាត្រីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១នៅលើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញនារីម្នាក់បានជិះម៉ូតូសេ125 ពណ៌ខ្មៅឡើងលើស្ពានជ្រោយចង្វា លុះដល់ពេលដល់ពាក់កណ្ដាលស្ពានស្រាប់តែនារីរូបនោះបានឈប់ម៉ូតូហើយទុកការបូបដោះស្បែកជើងនៅក្បែរបង្កាន់ដៃស្ពាន ប្រុងនឹងឡើងលោតទឹកសម្លាប់ខ្លួនទៅហើយនោះ គាប់ជួនត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ស្ទុះមកចាប់ឃាត់ទាន់ពេលធ្វើឲ្យការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរបស់នាងមិនបានសម្រេច។
ខណៈពេលដែលប្រជាពលរដ្ឋបានឃាត់នាងទាន់ពេលហើយនោះនាងក៏បានស្រែកទ្រហោយំទាំងទឹកភ្នែកដោយរៀបរាប់ថា ខ្លួនមានឈ្មោះ អាលី អាយុ ២៥ ឆ្នាំ មូលហេតុដែលនាងប៉ងគិតខ្លីដូច្នេះ ដោយសារតែនាងខូចចិត្តជាមួយសង្សារ ដែលខ្លួនស្រឡាញ់អស់រយៈពេលជាង 1 ឆ្នាំទៅហើយបែរជាសង្សាររបស់ខ្លួនចេះតែរកចោទនាងមិនល្អដូចគេ ហើយលួចទៅរៀបការជាមួយអ្នកផ្សេងធ្វើឲ្យនាងខូចចិត្តយ៉ាងខ្លាំង គិតអ្វីមិនចេញក៏សម្រេចចិត្តជិះម៉ូតូពីផ្ទះ ដែលមានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យថ្មី ខណ្ឌមានជ័យ មកស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិតដូច្នេះតែម្ដង។
បន្ទាប់ពីប្រជាពលរដ្ឋ នាំគ្នាលួងលោងដើម្បីកុំឲ្យនាងមានបំណងគិតខ្លីដូច្នេះតទៅទៀតហើយ នាងក៏បានធូរចិត្តខ្លះក៏សុខចិត្តចុះពីលើស្ពានដោយជិះម៉ូតូវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕