
នារសៀលថ្ងៃពុធទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់ នូវសារៈសំខាន់នៃការរួមចំណែករបស់អាងទន្លេមេគង្គ ចំពោះផ្នែកពាក់ព័ន្ធនឹងទឹក, របៀបវារៈ សហប្រជាជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, ក្របខណ្ឌសេនដៃ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់ឆ្នាំ២០១៥-២០៣០, របៀបវារៈអាស៊ាន ស្ដីពីសមាហរណកម្មតំបន់ ការតភ្ជាប់ និងការបិទគម្លាតអភិវឌ្ឍន៍ក្នុងសហគមន៍អាស៊ាន និងតម្រូវការសម្រាប់ការងើបឡើងវិញដ៏រឹងមាំពីជំងឺឆ្លងកូវីដ-១៩ ក្នុងស្ថានភាពមានការវិវត្តប្រែប្រួល និងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ មានលក្ខណៈស្មុគស្មាញ ដែលក្នុងបរិបទនេះ មេដឹកនាំទាំងអស់បានអះអាងសារជាថ្មីនូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគី។
លើសពីនេះទៀត មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃអង្គការអាងទន្លេ ដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ ក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័នសម្រាប់ការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ និងបានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេសតាមដងទន្លេទាំងអស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេ ដោយឈរលើស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេសទទួលស្គាល់នូវការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតរបស់ MRC និងការប្ដេជ្ញាចិត្តរបស់ពួកគេ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិករបស់ MRC៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា