
សម្រស់៖ ជាមួយនឹងការញ៉ាំអាហារដ៏ប្រុងប្រយ័ត្នរបស់ខ្លួន រាងកាយរបស់តារាសម្ដែង និងតារាចម្រៀងល្បីឈ្មោះចិន Ju Jing Yi មិនដែលកើនលើសពី ៤០គីឡូឡើយ។ នោះក៏ដោយសារតែនៅពេលចូលកាមេរ៉ា HD រាងកាយរបស់តារាទាំងអស់នឹងកើនជាងមុន៥ ទៅ១០គីឡូ ដូចនេះហើយ ដើម្បីពេលចូលកាមេរ៉ាឲ្យឃើញទៅរាងស្អាត សិល្បករទាំងអស់ ត្រូវមានរាងស្គមជាងធម្មតា។
អាស្រ័យហេតុនេះហើយ សិល្បការិនីចិនភាគច្រើន សុទ្ធតែនិយមរាងស្គមហើយស្ដើងទាំងអស់ ទោះបីជានៅខាងក្រៅគេវាយតម្លៃពួកគេថា ខ្សោះជីវជាតិក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនអ្នកណាក៏អាចរក្សាបានរាងស្គមបាននោះឡើយ ព្រោះម្ហូបអាហារឆ្ងាញ់ៗពីមួយថ្ងៃទៅមួយថ្ងៃមានកាន់តែច្រើនឡើង។ ហើយនៅក្នុងចំណោមនោះ ក៏មានរាជិនីសម្រស់ថ្មីរបស់ចិន តារាសម្ដែង និងតារាចម្រៀងស្រី Ju Jing Yi ត្រូវបានគេចាប់អារម្មណ៍ជាពិសេសដោយសារមានរាងដូចកូនក្រមុំជ័រ។
តាមនោះផងដែរ ជាមួយនឹងកម្ពស់ ១.៦០ម របស់តារាស្រីស្អាតវ័យ ២៦ឆ្នាំនេះ មានទម្ងន់ត្រឹមតែ ៣៦គីឡូតែប៉ុណ្ណោះ។ ហើយនៅក្នុងការផ្សាយឡាយបន្ដផ្ទាល់មួយ កាលពីពេលថ្មីៗនេះ តួរឿង ពស់សពស់ខៀវ បានបង្ហើបគន្លឹះរក្សារាងរបស់ខ្លួនថា ត្រូវតែទំពារឲ្យយូរមុនពេលលេប ទើបមិនឡើងគីឡូ។ ជាក់ស្ដែង ពេលទំពារយូរ អាហារនឹងម៉ត់ ក្រពះនិងងាយកិន ធ្វើឲ្យអាហារមិនបម្លែងជាជាតិខ្លាញ់ឡើយ។
ហើយមិនត្រឹមតែប៉ុណ្ណោះ ការទំពារយូរនឹងធ្វើឲ្យយើងមានអារម្មណ៍ថា យើងញ៉ាំច្រើន ឆាប់ឆ្អែត និងមិនចង់ញ៉ាំបន្តទៀត។ ដោយការទទួលទានអាហារដូចនេះហើយ ទើបម្ចាស់បទ Tan Yun Xi អាចរក្សាទម្ងន់របស់ខ្លួនមិនឲ្យកើនលើស ៤០គីឡូឡើយ៕
ប្រភព៖ bestie
ប្រែសម្រួល៖ ជា ស្រីពៅ