
តាកែវ ៖ ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឆក់ខ្សែករផ្លាកទីន នៅទូលក់មាស ចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ ។ ក្នុងនោះជនសង្ស័យបានប្រើមធ្យោបាយដោយរថយន្ត០១គ្រឿង ម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ2BP-3306 ធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីន ពីកន្លែងទូលក់គ្រឿងអលង្កានេះ រួចបើករថយន្តរត់គេចខ្លួន មកដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បានទាំងមនុស្ស និងរថយន្ត ។
ប្រតិបត្តិការនេះ ធ្វើឲ្យមានការខូចខាតរថយន្តចំនួន០៣គ្រឿង ( ធ្ងន់១គ្រឿង និងស្រាល២គ្រឿង) និងរងរបួស មន្រ្តីនគរបាលម្នាក់ឈ្មោះ លោកព្រឹន្ទបាលទោ យួន សុផា មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ ។
-វត្ថុតាងដកហូតពីជនសង្ស័យរួមមានដូចខាងក្រោម ៖
-រថយន្តម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ០១គ្រឿង ។
-ស្លាកលេខមុខក្រោយចំនួន០២ (ភ្នំពេញ2BP-3306) នៅក្នុងរថយន្ត ។
-ខ្សែកផ្លាកទីន ចំនួន០១ខ្សែ ។
ជនសង្ស័យនេះ កម្លាំងព្រហ្មទណ្ឌស្រុកបសេដ្ឋ បានប្រគល់ជូនអធិការនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕