
លោកអ្នកដឹងហើយថាកង្វះអាហារូបត្ថម្ភគឺមានន័យទូលំទូលាយសំដៅលើការ ខ្វះឬលើសអាហារូបត្ថម្ភ ដែលបណ្តាលមកពីអ្នកជំងឺ ពុំបានបរិភោគគ្រប់គ្រាន់ ឬទទួលទានមិនបានត្រឹមត្រូវ ម្យ៉ាងទៀតអាហារដែលបានទទួលទាននោះខ្វះនូវកាល់ឡូរី និងប្រូតេអ៊ីនសម្រាប់ទ្រទ្រង់និងជួយដល់ការលូតលាស់របស់រាងកាយ ឬរាងកាយ របស់គេពុំអាចប្រើប្រាស់អាហារដែលគេបរិភោគដោយសារតែមានជំងឺផ្សេងៗ។
បច្ចុប្បន្ននេះបញ្ហាកង្វះអាហារូបត្ថម្ភ គឺជាបញ្ហាដ៏ចម្បងនៅគ្រប់បណ្តាប្រទេសទាំងអស់និងទូទាំងពិភពលោក។ តាមរយៈ Global Report នៅក្នុងឆ្នាំ២០១៦ មានប្រទេស ៥៧ក្នុងចំណោម ១២៩ ដែលមានប្រជាជន ៤៤% កំពុងរងគ្រោះដោយការកង្វះអាហារូបត្ថម្ភ ។ យោងតាមអង្គការចំណីអាហារនិងកសិកម្ម (FAO) ចំនួនអ្នកដែលខ្វះអាហារូបត្ថម្ភមានចំនួនរហូតដល់ ៩២៣លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០០៧។ រីឯនៅប្រទេសកម្ពុជាបច្ចុប្បន្នមានប្រជាជនប្រមាណ ៥លាននាក់ដែលខ្វះអាហារូបត្ថម្ភ ។
យ៉ាងណាមិញអ្នកដែលខ្វះអាហារូបត្ថម្ភក៏អាចបណ្តាលមកពីការបរិភោគលើសតម្រូវការដោយសារតែអាហារដែលគាត់បរិភោគផ្ទុកនូវកាល់ឡូរីខ្ពស់។
????ខាងក្រោមនេះគឺជាវិធីដែលផ្តោតសំខាន់ទៅលើកង្វះអាហារូបត្ថម្ភដែលបណ្តាលមកពីការបរិភោគពុំបានគ្រប់គ្រាន់ និងអ្វីដែលយើងគួរបន្ថែម និងព្យាបាលមាន៖
១. កង្វះវីតាមីន A : វីតាមីន Aជាវីតាមីនស្ថិតក្នុងនៅក្រុមចាំបាច់សម្រាប់សុខភាពភ្នែកនិងមានមុខងារក្នុងសុខភាពបន្តពូជរបស់មនុស្សប្រុស និងស្រី្ដ។ តាមរយៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថាកង្វះវីតាមីនA អាចបណ្តាលឲ្យងងឹតភ្នែក ហើយស្រ្តីដែលមានផ្ទៃពោះហើយខ្វះនូវវីតាមីននេះ គឺមានអត្រារលូតកូនខ្ពស់។ Beta-carotene គឺជាសមាសធាតុបង្កនៃវីតាមីន A វាដើរតួនាទីជាអ្នកប្រឆាំងរ៉ាឌីកាល់សេរី ដែលវាសម្បូរនៅក្នុងសារធាតុពណ៌ក្រហម ទឹកក្រូច លឿង បៃតងចាស់នៃរុក្ខជាតិ។ វាត្រូវបានបម្លែងជាវីតាមីន A នៅពេលរាងកាយត្រូវការ។ សម្រាប់ទារក អាហារដែលជាប្រភពនៃវីតាមីន A សម្រាប់ពួកគេគឺទឹកដោះម្តាយ។ សម្រាប់មនុស្សទូទៅ គឺគួរតែបរិភោគអាហារដែលសម្បូរទៅដោយវីតាមីនទាំងនេះរួមមាន៖ ទឹកដោះគោ ស៊ុត បន្លែបៃតង broccoli ស្ពៃបៃតង បន្លែពណ៌ទឹកក្រូច ការ៉ុត ដំឡូងបារាំង ល្ពៅ ផ្លែឈើពណ៌ក្រហម លឿង ល្ហុង សូដា ប៉េងប៉ោះ។
២. កង្វះវីតាមីនB-1 : វីតាមីនB-1 គឺជាវីតាមីនដែលសំខាន់សម្រាប់ប្រព័ន្ធសរសៃប្រសាទ។ វាជួយរាងកាយក្នុងការបម្លែងជាតិស្ករទៅជាថាមពលតាមរយៈសកម្មភាពមេតាប៉ូលីស។ ការកង្វះ B-1អាចបណ្តាលឲ្យស្រកទម្ងន់ ឬអស់កម្លាំង និងបណ្តាលឲ្យមានបញ្ហាប្រព័ន្ធចងចាំជាច្រើនដូចជា មានអាការៈភាន់ច្រឡំនិងការចងចាំខ្សោយ។ លើសពីនេះទៅទៀតវាក៏អាចបំផ្លាញប្រព័ន្ធប្រសាទ និងសាច់ដុំ ហើយវាក៏អាចប៉ះពាល់ដល់បេះដូងថែមទៀត។ នៅសហរដ្ឋអាមេរិក ការកង្វះវីតាមីននេះច្រើនកើតជាញឹកញាប់លើបុគ្គលដែលពិសាជាតិស្រវឹងច្រើន។ ជាតិអាល់កុល ធ្វើឲ្យរាងកាយអសមត្ថភាពក្នុងការស្រូបយកវីតាមីន B-1ស្តុកទុកក្នុងថ្លើម និងបម្លែងវាទៅជាទម្រង់ដែលអាចប្រើប្រាស់បាន។ ការកង្វះវីតាមីននេះគឺជាមូលហេតុចម្បងនៃការកើតមានអាការៈ Wernicke-Korsakoff ជាអាការៈនៃការចងចាំខ្សោយ។ អាហារពេលព្រឹក ដូចជា ពពួកគ្រាប់ធញ្ញជាតិ និង ពពួកអាហារធ្វើពីម្សៅគឺវាសម្បូរទៅដោយវីតាមីន B-1។ ស៊ុត បន្លែ គ្រាប់ធញ្ញជាតិម្សៅស្រូវសាលី និងសាច់ជ្រូក ក៏ជាប្រភពសំខាន់នៃ វីតាមីន B-1 ដែរ។
៣. កង្វះវីតាមីន B-3 : វីតាមីន B-3 គឺជាវីតាមីនមួយប្រភេទទៀតដែលជួយបម្លែងអាហារឲ្យទៅជាថាមពល។ កង្វះវីតាមីន B-1 នេះត្រូវគេហៅថាជំងឺ Pellagra ដែលមានរោគសញ្ញា រាគ ការចងចាំខ្សោយ និងមានបញ្ហាស្បែកជាញឹកញាប់។ ដើម្បីបង្ការជំងឺនេះ លោកអ្នកគួរតែបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន B-3 នេះដែលមានដូចជាប្រូតេអ៉ីនដែលបានមកពីសាច់ និងសណ្តែកដី ឬអាចបរិភោគអាហារបំប៉នដែលមានវីតាមីន B-3នេះ។
៤.កង្វះវីតាមីន B-9: វីតាមីន B-9 ឬហៅថា folate វាមាននាទីជួយដល់រាងកាយក្នុងការផលិតកោសិកាឈាមក្រហមនិងផលិត DNA។ វាក៏ជួយដល់ការលូតលាស់ខួរក្បាល និងការបំពេញមុខងាររបស់ប្រព័ន្ធប្រសាទផងដែរ។ វីតាមីន B-9 នេះកើតឡើងដោយការសំយោគ ដែលយើងអាចទទួលបានពីផលិតផលអាហារបំប៉ន។ វីតាមីននេះក៏សំខាន់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃផងដែរ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាលនិងខួរឆ្អឹងខ្នងរបស់ទារក។ កង្វះវីតាមីន B9 នេះអាចបណ្តាលឲ្យទារកពិការពីកំណើត មានបញ្ហាការលូតលាស់ និងកង្វះគ្រាប់ឈាមក្រហម។ អ្នកអាចទទួលបាន folate តាមរយៈការទទួលទានប្រភេទអាហារដូចខាងក្រោម សណ្តែក ផ្លែក្រូច បន្លែបៃតង ទំពាំងបារាំង សាច់ជ្រូក សាច់មាន់ គ្រឿងសមុទ្រ ផលិតផលដែលបន្ថែមសារធាតុបំប៉ន និងគ្រាប់ធញ្ញជាតិ។
៥. កង្វះវីតាមីន D : យោងតាមការសិក្សារបស់សាកលវិទ្យាល័យHavardមានមនុស្សប្រមាណ១០០០លាននាក់ទូទាំងពិភពលោកដែលកើតមានបញ្ហាសុខភាពដែលបណ្តាលមកពីកង្វះvitamin D។ អ្នកដែលមានពណ៌ស្បែកស្រគាំគឺវាមានការប្រឈមនឹងបញ្ហានេះច្រើនជាងគេ។ វីតាមីននេះគឺសំខាន់សម្រាប់សុខភាពឆ្អឹងដោយវាជួយឲ្យឆ្អឹងក្នុងការរក្សាតុល្យភាពកាល់ស្យូមដើម្បីសម្របសម្រួលដល់ការលូតលាស់ឆ្អឹង និងធ្មេញ។ កង្វះវីតាមីន D នេះអាចបណ្តាលឲ្យទៅជាក្រិន ឬឆ្អឹងពុំរឹងមាំ។
ជំងឺពុកឆ្អឹងក្រោយពេលអស់រដូវក៏អាចបណ្តាលមកពីការកង្វះវីតាមីន D ដែលវាធ្វើឲ្យឆ្អឹងទន់ងាយបាក់។ ហើយប្រភពនៃវីតាមីន D ដែលសំខាន់គឺ ពន្លឺព្រះអាទិត្យ និងអាហារមួយចំនួនដូចជា ប្រេងថ្លើមត្រី ខ្លាញ់ត្រី ផ្សិត ស៊ុតលឿង ថ្លើម កាំរស្មី Ultraviolet ដែលមាននៅក្នុងពន្លឺព្រះអាទិត្យ ជាប្រភពនៃវីតាមីន D ។ យោងតាម NIH ការប៉ះពន្លឺព្រះអាទិត្យរយៈពេល៥ទៅ៣០នាទីត្រង់មុខ ស្មា ក ឬខ្នងពីរដងក្នុងមួយសប្តាហ៍គឺអាចផ្តល់ឲ្យអ្នកនូវបរិមាណគ្រប់គ្រាន់នៃវីតាមីន D។
៦. កង្វះកាល់ស្យូម : កាល់ស្យូមគឺជួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញ ។ វាក៏ជួយដល់បេះដូង ប្រព័ន្ធប្រសាទនិងសាច់ដុំឲ្យបំពេញមុខងារសមស្រប។ កង្វះកាល់ស្យូមពុំបណ្តាលឲ្យលេចចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេតែវាធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រសិនបើលោកអ្នកពុំមានកាល់ស្យូមគ្រប់គ្រាន់ទេនោះរាងកាយរបស់លោកអ្នកនឹងទាញយកកាល់ស្យូមពីឆ្អឹងដែលនឹងបណ្តាលឲ្យឆ្អឹងងាយពុក។ហើយប្រភពដែលសម្បូរកាល់ស្យូមមានទឹកដោះគោ យ៉ាអួរ តៅហ៊ូ ត្រីល្អិតៗ បន្លែបៃតង និង គ្រាប់ធញ្ញជាតិជាដើម។
៧. កង្វះជាតិដែក : ជាតិដែកគឺសម្បូរនៅក្នុងស្លឹករុក្ខជាតិបៃតង សាច់ក្រហមនិងស៊ុតស។ វាមាននាទីជួយដល់រាងកាយក្នុងការផលិតគោលិកាឈាមក្រហម។ នៅពេលដែលខ្វះវារាងកាយនឹងផលិតគោលិកាឈាមក្រហមតិចតួចប៉ុណ្ណោះហើយគោលិកាឈាមដែលបានផលិតនោះមានទំហំតូច ហើយស្លេកស្លាំងជាងគោលិកាឈាមដែលមានសុខភាពល្អ ហើយប្រសិទ្ធភាពរបស់វាក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកាក៏ថយចុះដែរ។ ការកង្វះជាតិដែកអាចបណ្តាលឲ្យមានជំងឺខ្វះឈាម ឬឈាមមានសកម្មភាពមិនប្រក្រតីដែលបណ្តាលឲ្យអស់កម្លាំង និងរោគសញ្ញាផ្សេងៗទៀត។ យោងតាមអង្គការសុខភាពពិភពលោក មានមនុស្ស ៣០%នៅទូទាំងពិភពលោកដែលមានបញ្ហានេះ។
ប្រភព៖ healthyandnaturallife
ប្រែសម្រួល៖ ជា ស្រីពៅ