
បារាំង ៖ Neymar ខ្សែប្រយុទ្ធឆ្នើមក្រុមអ្នកមានបារាំង Paris St-Germain នឹងត្រូវអវត្តមានពីទីលានប្រកួតរហូតដល់បញ្ចប់រដូវកាលនេះ ដោយរូបគេត្រូវទទួលការវះកាត់បញ្ហារបួសកជើង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC បានចេញផ្សាយកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះ បានរងរបួសកជើងខាងស្តាំ អំឡុងការប្រកួតរបស់ក្រុម PSG ទទួលជ័យជម្នះដោយលទ្ធផល ៤-៣ លើក្រុមភ្ញៀវ Lille នៅកីឡដ្ឋាន Parc des Princes កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅ។
ក្លិប PSG បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា Neymar បានរងរបួសត្រង់កជើងខាងស្តាំជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការវះកាត់គឺចាំបាច់បំផុត ដើម្បីជៀសវាងហានិភ័យធំសម្រាប់ពេលអនាគត។ ក្លិបបានបន្ថែមថា ដំណើរការព្យាបាលក្រោយការវះកាត់នឹងមានរយៈពេលពី៣ទៅ៤ខែ មុនពេលរូបគេអាចវិលត្រឡប់បន្តការហ្វឹកហាត់បានឡើងវិញ។
Neymar បានជួបបញ្ហារបួសជើងស្តាំជាច្រើនដង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ រូបគេបានខកខានការប្រកួត២លើករបស់ក្រុមសាំប៉ាប្រេស៊ីលនៅឯព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីបានរងរបួសក្នុងការប្រកួតបើកឆាក ក្នុងពូលរបស់ពួកគេជាមួយនឹងស៊ែប។
សូមបញ្ជាក់ថាអតីតខ្សែប្រយុទ្ធឆ្នើមក្រុមអ្នកមាន Barcelona រូបនេះ ក៏បានខកខានការប្រកួតនៅពានរង្វាន់ Copa America កាលពីឆ្នាំ ២០១៩ ផងដែរ បន្ទាប់ពីរងរបួសសរសៃចងនៅកជើងខាងស្តាំ ហើយក៏ធ្លាប់ត្រូវអវត្តមានជាច្រើនសប្តាហ៍ នៅក្នុងឆ្នាំ ២០២១ ជាមួយនឹងបញ្ហារបួសស្រដៀងគ្នានេះផងដែរ។
នៅក្នុងរដូវកាលនេះ Neymar បានស៊ុតបាល់បញ្ចូលទីសរុប១៨គ្រាប់ពីការបង្ហាញខ្លួនចំនួន២៩ប្រកួតសម្រាប់ PSG នៅគ្រប់កម្មវិធី ខណៈដែលក្រុមរបស់លោក Christophe Galtier បច្ចុប្បន្នកំពុងកាន់កាប់កំពូលតារាង ដោយដាច់៨ពិន្ទុក្រុមលេខ២ Marseille។
យ៉ាងណាមិញ PSG ត្រូវមានភារកិច្ចដ៏ធំនៅក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ដោយត្រូវតទល់ជាមួយនឹងក្រុមម្ចាស់ផ្ទះ Bayern Munich នៅថ្ងៃទី០៩ ខែមីនា ឆាប់ៗខាងមុខនេះ ខណៈកាលពីជើងទី១ នៅទឹកដីរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ បញ្ចប់ទៅដោយចាញ់ក្នុងលទ្ធផល ១-០៕