
នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលប្រព្រឹត្តទៅនៅអគារនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះទាំង៤ លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន/នាយការិយាល័យ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ មានមតិស្វាគមន៍ និងមានសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់កោតសរសើរ ជាកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។
ឯកឧត្តម អគ្គនាយក មានប្រសាសន៍បន្តទៀតថា កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ គឺជាការឆ្លុះបញ្ជាំងនូវការប្តេជ្ញាចិត្តជាមួយនិងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឆ្លើយតបទៅនឹងបរិការណ៍អភិវឌ្ឍសង្គម សេដ្ឋកិច្ច បញ្ហាប្រឈម និងការអនុវត្តភាពទាំងឡាយដែលជាបញ្ហារួមរបស់សង្គមជាតិឆ្ពោះទៅសម្រេចបាននូវគោលដៅអាទិភាព នៃយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍជាតិ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដោយភាពប៉ិនប្រសព្វ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចង្អុលបង្ហាញយ៉ាងច្បាស់លាស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែណែនាំ តម្រង់ទិស និងឧបត្ថម្ភគាំទ្រគ្រប់មធ្យោបាយដល់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ជាកិច្ចបន្តទៅទៀត ឯកឧត្តម អគ្គនាយក បានលើកឡើងអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារសវនកម្ម និងអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុចរិតភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ដែលមានសារសំខាន់នៃស្នូលយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ដែលកំណត់យក ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច ក្នុងចំណុចទី២ ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ជាផ្នែកមួយនៃយុទ្ធសាស្រ្ត សកម្មភាព ជាចលករជំរុញ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៣ និងឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំដល់ឯកឧត្តម លោកជំទាវ អគ្គនាយករង និងជាប្រធានប្រតិភូ ក្នុងការចុះបំពេញបេសកកម្មធ្វើសវនកម្ម នៅតាមបណ្តាអង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណៈនេយ្យភាព។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អគ្គនាយក បានពាំនាំនូវអនុសាសន៍ណែនាំចង្អុលបង្ហាញដ៏ខ្ពស់ខ្ពស់របស់ សម្តេចក្រឡាហោម លើការអនុវត្តបទបញ្ជាចុះធ្វើសវនកម្មទៅលើការតែងតាំងមុខតំណែង ការតំឡើងឋានន្តរស័ក្តិ និងថ្នាក់របស់មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដើម្បីជៀសវាងការតែងតាំងមុខតំណែងដំឡើងឋានន្តរស័ក្តិ គ្មានគោលការណ៍ច្បាស់លាស់ ធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធលើកទឹកចិត្ត មានការថ្នាំងថ្នាក់ និងបាត់បង់ឆន្ទះក្នុងការបំពេញកិច្ចការងារនាំឱ្យបាត់បង់ដំណើរការជោគជ័យរបស់អង្គភាព។
ជាកិច្ចបញ្ចប់ ជាមួយនឹងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង