
ភ្នំពេញ ៖ ប្រុសស្រីមួយក្រុមបេីកបររថយន្ត TOYOYA PRIUS បោះពួយយ៉ាងលឿន ដល់ផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនសួនច្បារទ្រូងផ្លូវ ឡើងលើចិញ្ចេីមផ្លូវ បន្តទៅបុករះគំនរឥដ្ឋការ៉ូឡា បាក់បែករាយប៉ាយពេញកន្លែងកេីតហេតុ ចំណែករថយន្តបង្កខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះបែកកង់មុខ បេីកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវកោង លេីផ្លូវR5 ក្នុងបរិវេណដីបឹងកក់ (ជិតរដ្ឋាករទឹក) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីដែលឃេីញហេតុការណ៍ប្រាប់បណ្ដាញព័ត៌មាន The Mirror News ឲ្យដឹងថា នៅពេលកេីតហេតុគាត់បានឃើញមនុស្សប្រុសស្រីមួយក្រុម (ប្រុស២នាក់ ស្រី១នាក់) រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-2925 បានធ្វើដំណើរតាមបណ្តោយផ្លូវR5 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង រថយន្តបេីកបួងចង្កូតបួងមិនទាន់ បានជ្រុលទៅបុកខឿនសួនច្បារទ្រូងផ្លូវ បណ្ដាលឲ្យបែកបាក់អស់គ្នាដុំ ចំណែករថយន្តមិនទាន់អស់ល្បឿន បានទាញចង្កូតមកខាងស្ដាំដៃវិញ បន្តទៅបុកឡើងលើចិញ្ចើមផ្លូវបុករះគំនរឥដ្ឋការ៉ូឡាដែលទុករៀបលម្អតាមចិញ្ចើមផ្លូវបណ្ដាលឲ្យបាក់បែករាយប៉ាយអស់ជាច្រើនដុំទៀត និងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាង នឹងបែកកង់មុខខាងស្ដាំផុងជាប់ បេីកទៅមុខលែងរួច។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក រួមទាំងសន្តិសុខតំណាងក្រុមហ៊ុនបានមកដល់កន្លែងកើតហេតុ ហេីយសមត្ថកិច្ចបានឲ្យភាគីខាងរថយន្តធ្វើការសម្រុះសម្រួលគ្នាជាមួយខាងតំណាងក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕