
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនស្រាប់តែរេចង្កូត ទៅបុករះតូបដែលលក់នៅលើចិញ្ចើមផ្លូវ រួចរថយន្ដមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងទៀត បណ្តាលឲ្យខូចខាតតូបលក់ដូរនិងបាក់បង្គោលភ្លើងមួយដើម។
ហេតុការណ៍ខាថងលើកើតឡើងនៅវេលាម៉ោង១២ៈ៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសនម្នាក់បើករថយន្ដមួយគ្រឿងម៉ាកLexusLX470 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1846 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រងកន្លែងកើតហេតុខាងលើ ស្រាប់តែរថយន្ដបង្កបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករះតូបលក់ដូររបស់ពលរដ្ឋនៅលើចិញ្ចើមផ្លូវ ខូចខាតតូបអស់ចំនួន០៣តូបព្រមទាំងឥវ៉ាននៅក្នុងតូប ភ្លាម់ៗនោះរថយន្តមិនទាន់អស់ល្បឿនរួចក៏បន្តទៅបុកផ្ទប់និងបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យទ្រេត រីឯរថយន្តវិញខូចខាតខ្ទេចខ្ទីមួយកំណាត់មុខ។ចំណែកម្ចាស់រថយន្ដរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចទំនាក់ទំនងទៅផ្នែកជំនាញ ដើម្បីឱ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕