
បាត់ដំបង ៖ មនុស្សប្រុសស្រីពីរនាក់ បានស្លាប់ភ្លាមៗ និម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់បីបុកគ្នាពេញទំហឹង។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ថិតក្នុងភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង…។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញម៉ូតូកង់បីមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង ១AA – ១៥៥១ បើកបរដោយបុរសម្នាក់ឈ្មោះ សែ វុទ្ធី អាយុប្រហែល ៤០ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីជើងទៅ ត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កួតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១AR – ៣២៣៦ ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យមនុស្សប្រុសស្រីពីរនាក់ ដែលរួមដំណើរជាមួយគ្នា ស្លា.ប់ទាំងពីរនាក់ភ្លាមៗ នៅនឹងកន្លែង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ រួចបានបញ្ចូនភាគីម៉ូតូកង់បី ដែលរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានរក្សាទុក ដើម្បីស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងទាំងពីរសមត្ថកិច្ចបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕