
ភ្នំពេញ ÷ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅមុននេះបន្តិចថា “តើការប្រើពាក្យសោកស្តាយនិងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។
តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។
ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់ នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់ពុំបានដឹងរឿងអ្វីសោះ។តើនេះឬជាវិជ្ជជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។
ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។
ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។
សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។
យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។
សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕