
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១១ ខែកុម្ភៈ នេះថា “ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិការជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិការនិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិការជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិការផ្តល់ជូន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ៨ កុម្ភះ ម៉ោង6.56នាទី។ បញ្ញាខ្ញុំឲ្យប្រកាស់១០ម៉ឺនដុល្លារ ម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង 7.18 នៅព្រឹកថ្ងៃ៨កុម្ភះ២០២៣ដូចគ្នា។ តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុន ម៉ាណែត ផង”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្រ័បរទេសឬសង្គមស៊ីវឹលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។ ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១៤ មករា ២០២៣ កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)។
ទាក់ទងករណីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុវីអូឌី( VOD )បង្ហាញឯកសារដែលបញ្ជាក់ថា លោកបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះទេ។ នេះបើយោងតាមសាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការកាលពីព្រឹកព្រលឹមថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣។
សាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមាន អាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពច្បាស់លាស់៖ខ្ញុំសុំឱ្យវិទ្យុ VODបង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខា ជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់”។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសារដដែលនេះថា “បើ VOD មិនមានឯកសារហើយចុះផ្សាយពត៌មាន មិនត្រឹមត្រូវដោយអចេតនានោះសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបខ្ញុំក្នុងរឿងនេះ។ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ”៕