
តាកែវ ៖ ករណីយុវជនជាសិស្សសាលាម្នាក់ បានស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ បន្ទាប់ពីត្រូវក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូកាប់១កាំបិតប៉័ងតោចំត្រង់.កផ្នែកខាងឆ្វេង នៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូម៉ែត្រលេខ ៩៣-៩៤ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ។ ក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣គ្រឿង ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យម្នាក់ស្លាប់ក្នុងថ្លុកឈាមដោយត្រូវមួយកាំបិតប៉័ងតោ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំបិប៉័ងតោ បានកាប់ទៅលើជនរងគ្រោះពីរនាក់ ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកាប់មិនត្រូវ។
បន្ទាប់មកជនសង្ស័យទាំងនោះ បានជិះទៅទិសខាងត្បូងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ អាយុ១៧ឆ្នាំ រស់នៅភូមិ បន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នា ដោយគ្មានមូលហេតុ ត្រូវត្រង់កផ្នែកខាងឆ្វេង ស្លាប់កន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។
ក្រោយពេលកើតហេតុកម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងការិយាល័យជំនាញ ធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងឃាត់ខ្លួនបានចំនួន ៤នាក់ នៅសល់ពីរនាក់ទៀតកំពុងតែរត់គេចខ្លួន ។
ទាក់ទងជាមួយនឹងករណីខាងលើនេះករណីនេះ ប្រជាពលរដ្ឋបានធ្វើការទទូចដល់សមត្ថកិច្ចជួយស្វែងរកក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានជាដាច់ខាត៕