
ភ្នំពេញ ៖ រថយន្ដមួយគ្រឿបើកបោះពួយយ៉ាងលឿនទៅបុកនិងម៉ូតូហុងដាឌ្រីមពីក្រោយដែលបើកស្របទិសគ្នាពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់់ស្លាប់ភ្លាមៗ និង០២នាក់ទៀតរងរបួស។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សៀវ ប៉ាន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់) និង០២នាក់ដែលរងរបួសមានឈ្មោះ ព្រីង លីហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ម្នាក់ទៀតមានឈ្មោះ ទូច ស្រីអូន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-1190 ឌុបគ្នា ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ត្រងកន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកបោះពួយយ៉ាងលឿនក្នុងទិសដៅស្របគ្នា មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង០២នាក់ទៀតរងរបួស ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យនៅសល់តែជនរងគ្រោះ សមត្ថកិច្ចក៏ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕